អង្គការចលនាដើម្បីសុខភាពកម្ពុជា ស្នើឱ្យសមត្ថកិច្ច ចាត់ វិធានការ លើការការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលដែលធ្វើការងារលើសុខុមាលភាព ប្រជាពលរដ្ឋ ស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើ ការការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក(Vape) ខណៈដែល ការផ្សព្វផ្សាយលក់បារីប្រភេទនេះតាមរយៈតាមបណ្តាញទំនាក់ទំនងសង្គមនៅតែបន្តកើនឡើង ទោះបីជាសមត្ថកិច្ចខិតខំ បង្ក្រាបក៏ដោយ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាព កម្ពុជា(CMH) ដែលបានចេញផ្សាយនៅថ្ងៃទី៥ខែធ្នូនេះ បានលើកឡើងថា ខណៈដែលការផ្សព្វផ្សាយលក់បារីអេឡិច ត្រូនិក ឬគេតែងស្គាល់ថាវេប (Vape) នៅតែបន្តកើតមាន តាមរយៈបណ្តាញព័ត៌មានសង្គម អង្គការចលនាដើម្បីសុខភាព កម្ពុជា ស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធាន ការតឹងរឹង ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀន ផលិតផល ថ្មីនេះ។

អង្គការបន្តថា តាមរយៈការសង្កេតតាមដានជាប្រចាំបាន រកឃើញ ថា បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook Tik Tok និង Telegram ជាដើម នៅតែជាឧបករណ៍សម្រាប់ ជនខិលខូចប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយលក់ បង្ហោះជា រូបភាពឬវីដេអូទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ ក្នុងនោះផងដែរ ក៏មានឃើញតារា មួយចំនួនដល កំពុងតែបង្ហាញពីការប្រើប្រាស់ផលិតផល ទាំងនេះ ដោយមិនខ្វល់ពីផលប៉ះពាល់ ក៏ដូចជា ធ្វើជាគម្រូ មិនល្អ សម្រាប់អ្នកគាំទ្រដែលសុទ្ធសឹងជាយុវជន និងកុមារ។

អង្គការសង្កត់ធ្ងន់ថា ៖ « សកម្មភាពនេះ បានចុះថមថយមួយ រយៈ ខណៈដែលអាជ្ញាធរមានសម្មត្ថកិច្ច មានវិធានការចុះចាប់ និងធ្វើកិច្ចសន្យាជាមួយអ្នកប្រព្រឹត្តកុំឱ្យបន្តទៀត។ ប៉ុន្ដែមួយ រយៈពេលចុងក្រោយនេះ សកម្មភាពលក់និងចែកចាយបារី អេឡិចត្រូនិកនេះហក់ឡើងវិញ តាមបណ្ដញព័ត៌មានសង្គម»។

អគ្គស្នងការរងនគរបាលជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀននៃអគ្គស្នងកាដ្ឋាននគរបាលជាតិឯកឧត្តម ម៉ក់ ជីតូ មានប្រសាសន៍ថា ពាក់ព័ន្ធបារីអេឡិចត្រូនិកនេះ កន្លងទៅ ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងបាន ចេញសេចក្តីណែហាមដាច់ខាតក្នុងប្រើប្រាស់ ទោះបីជាកម្ពុជា ពុំទាន់មានច្បាប់ដើម្បីផ្តន្ទាទោសរឿងនេះក្តី។

លោកបានប្រាប់ថា ៖ «កន្លងមកអាជ្ញាបានចុះបង្ក្រាបទីតាំង ថែមទាំងបានរឹបអូសវត្ថុតាង និងណែនាំដល់អ្នកលក់ និង អ្នកប្រើប្រាស់ផងដែរ។ ពេលចាប់បានហើយ យើងអប់រំអ្នកលក់ ក៏ដូចជាអ្នកប្រើប្រាស់ឱ្យធ្វើកិច្ចសន្យានិងត្រឡប់ទៅវិញ បើចាប់ ចំអ្នកដដែលៗ យើងសុំគោលការណ៍ផ្តន្ទាទោស បើគាត់មិនរាង ចាល»។

លោកបានឱ្យដឹងទៀតថា បច្ចប្បន្ននេះសមត្ថកិច្ចមិនព្រងើយ កន្តើយលើរឿងនេះទេ គឺនៅតែបន្តសកម្មភាពចុះបង្ក្រាប និង ស្រាវជ្រាវករណីលក់ និងចែកចាយបារីអេឡិចត្រូវនិក មិនថា លក់នៅតាមផ្ទះ ឬលក់នៅតាមបណ្តាញសង្គមនោះទេ។
ឯកឧត្តម ម៉ក់ ជីតូ បានបញ្ជាក់ថា ៖ «យើងក៏ស្នើសុំ គោលការណ៍ទៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបំផ្លាញសម្ភារៈបារីអេឡិចត្រូនិកដែលយើងចាប់បានច្រើនណាស់ រឹបអូសបានមួយឃ្លាំងហើយ»។

ផលិតផលបារីអេឡិចត្រូនិក(Vape) វាផ្ទុកជាតិនីកូទីន ដែល ធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ នីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ការលូតលាស់ ខួរក្បាលរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុង ការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។

បើយោងតាមលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញ ដូរបារីអេឡិចត្រូនិកនៅក្នុង សាលារៀន បានបង្ហាញឱ្យឃើញថា យុវជន និងកុមារ ដែល ជាសិស្សភាគច្រើនបានឃើញ បានស្គាល់ ជាពិសេសបានទិញ បារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគូសបញ្ជាក់ ថា៖ «ដូច្នេះវត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពី ការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាម បណ្តាញទំនាក់ទំនង សង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាង អាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគតពួកគេ។

សូមបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជា ផលិតផលដែលត្រូវបានហាមឃាត់ការចែក ចាយ ការធ្វើ អាជីវកម្ម និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិត ផលស៊ីហ្សា (Sisha) និងបារីអេឡិច ត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋ អាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន ២៨០៧ នាក់ ឈឺ និង ៦៨ នាក់ បានស្លាប់ ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕
ដោយ៖ឡាយ សាមាន

ads banner