រដ្ឋមន្រ្តីក្រសួងអប់រំ៖ ដំណើរការថ្ងៃដំបូងនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយ រលូនល្អ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុង ដំណើរ ការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥ ខែធ្នូ បានប្រព្រឹត្តទៅ ដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណា មួយកើត ឡើងគួរឲ្យកត់សម្គាល់ឡើយ ខណៈដែលមានបេក្ខជនមួយ ចំនួនមានបញ្ហាសុខភាព។
ក្រសួងបានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១នៃការប្រឡងនេះ បេក្ខជនអវត្តមានក្នុងការប្រឡងមានចំនួន ២ ២៦៤នាក់ (១,៧៧ភាគរយ)អ្នកដែលមានបញ្ហាសុខភាពប្រមាណជា២០ នាក់ ដែលក្នុងនោះមាន បេក្ខជនចំនួន១នាក់សង្ស័យ វិជ្ជមាន ជំងឺកូវីដ១៩។
ក្រសួងអប់រំបានបញ្ជាក់ថា ៖ «បេក្ខជនដែលមានបញ្ហាសុខភាព ទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួង បន្ត ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប ដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង»។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមាន ការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេ ប្រយោគ ទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស។ក្នុងនោះក៏មានការ ចូលរួម សហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធផងដែរ។
បេក្ខជននៅខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរ សំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបាន បញ្ជូន ទៅមន្ទីរពេទ្យ។
ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តជំរុញលើកចិត្តឱ្យ បេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ដំណើរការថ្ងៃដំបូងនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅ ដោយរលូនល្អ បើទោះបីជាចំនួនបេក្ខជន និងមណ្ឌល ប្រឡង មានចំនួនកើនឡើងជាងឆ្នាំមុនៗក៏ដោយ។
ជាមួយគ្នានោះ លោកក៏មិនទាន់អាចធ្វើការរំពឹងទុក ឬសន្និដ្ឋាន ណាមួយដែរថា បេក្ខជនដែលនឹងទទួលបាននិទ្ទេសA ក្នុងការ ប្រឡងនាឆ្នាំ២០២២នេះ នឹងមានចំនួនច្រើនជាង ឬថយចុះ ជាងឆ្នាំមុននោះដែរ។ ប៉ុន្តែនៅពេលដែលសិស្សមានឱកាស រៀនច្រើន និងខិតខំរៀនសូត្រផងនោះ នោះនឹងទទួលបាន លទ្ធផលល្អច្រើន។
បណ្ឌិត ហង់ជួន ណារ៉ុន បានថ្លែងថា ៖ «នេះជាឆ្នាំទី២ហើយ បន្ទាប់ពីការរាលដាលនៃមេរោគកូវីដ១៩ដែលក្រសួងបានរៀបចំការប្រឡងបាក់ឌុបនេះ ហើយចាប់ពីឆ្នាំ ២០១៤មកដល់ ពេលនេះគឺជាការប្រឡងលើកទី១០ហើយ បន្ទាប់ពីមានការ ធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ គឺយើងឃើញថា សិស្សមាន ការគោរពវិន័យបានល្អ គោរពតាមបទបញ្ញត្តិដោយមិនមាន ករណីសិស្សយកសំណៅឯកសារចូលបន្ទប់ប្រឡងឡើយ»។
ទាក់ទងនឹងវិញ្ញាប្រឡងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងនៅតែរក្សាស្តង់ដាដដែលនូវវិញ្ញាសា ប្រឡងនេះ ដោយសារតែអ្នករៀបចំវិញ្ញាសារប្រឡងក្នុង រយៈពេលប្រាំបួនឆ្នាំកន្លងមកនេះ គឺនៅរក្សាដដែល ហើយការបែកធ្លាយវិញ្ញាសារគឺមិនដែលមាននោះទេ។
លោកបានឱ្យដឹងថា ៖ «ក្នុងការប្រឡង១០លើកមកនេះ គឺ យើងមិនដែលមានការបែកធ្លាយវិញ្ញាសានោះទេ ដោយសារ តែអ្នករៀបចំជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការ រៀបចំ ប្រធានវិញ្ញាសាតាមមុខវិជ្ជា ហើយប្រសិនបើវិញ្ញាសាណា មួយបានបែកធ្លាយ អ្នកនោះនឹងទទួលខុសត្រូវទៅតាម បទបញ្ញត្តិនៃច្បាប់»។
ក្នុងឱកាសចុះពិនិត្យមើលការចាប់ផ្តើមប្រឡងបាក់ឌុបនៅថ្ងៃដំបូង នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជន កម្ពុជា បានលើកឡើងដែរថា បេក្ខជនបេក្ខនារីទាំងអស់ត្រូវ ផ្តោត លើ ការប្រឡងនាពេលនេះ។
ឯកឧត្តមបានបន្តថា ទាក់ទងនឹងការបែកធ្លាយវិញ្ញាសារ ក្នុងនាម ស.ស.យ.ក អង្គភាពប្រឆាំងអំពើពុករលួយ និង ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោកអាចបញ្ជាក់ ដោយមានភាព ជឿជាក់ទៅលើការចាត់ចែង និងការយក ចិត្តទុកដាក់របស់ក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ និងគ្រប់ពីភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំតាំងពីដើមទី គឺធានានុវការអនុវត្តដោយមានភាពម៉ត់ចត់ ស្មើគ្នា។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ៖ «បើសិនជាអ្នកណាដឹង គោលការណ៍ទាំងអស់នេះហើយ នៅតែប្រព្រឹត្តិទៀត នោះ នឹងមានការវិធានការច្បាប់ទៅតាមភាពជាក់ស្តែង។ ចឹង!ទាំងអស់ នេះហើយខ្ញុំជឿជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសុំឱ្យឪពុកម្តាយដែលជាអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ ត្រូវមានភាពជឿជាក់លើក្រសួងអប់រំ អង្គភាពប្រឆាំង អំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម»។
សូមជម្រាបថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បាន ពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាព ប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងសរុប ១២៨ ១៣៤នាក់ និង មណ្ឌលប្រឡងសរុប២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការ នានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល ប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖ នាង សុគន្ធា