អាស៊ានដាក់ចេញផែនការលើកកម្ពស់សន្តិសុខស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រីសន្តិភាព និង សន្តិសុខ ឬហៅកាត់ថា ASEAN RPA on WPS ត្រូវបាន សម្ពោធ ដាក់ឱ្យអនុវត្ត ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានសហការជាមួយទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) និងអង្គភាព អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់ សិទ្ធិអំណាចដល់ស្ត្រី ហៅកាត់ថា UN Women។

ផែនការសកម្មភាពក្នុងតំបន់ត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ ផែនការនេះជារឿងមួយសំខាន់ ដែលសម្រេចបានក្នុងអំឡុងពេលកម្ពុជាជាប្រធានអាស៊ាន។ វាក៏បានបង្ហាញអំពីវិធីសាស្ត្រអនុវត្តដែលជាសសរស្តម្ភសំខាន់ៗទាំងបួនរបស់ស្ត្រី រួមមាន ការការពារស្ត្រី ការចូលរួម ការបង្ការ និងការសង្គ្រោះស្តារឡើងវិញ។

លើសពីនេះការអនុវត្ត ការសម្របសម្រួល ការរាយការណ៍ ក៏ដូចជាការត្រួតពិនិត្យ និងការវាយតម្លៃ ក៏មានលម្អិតនៅក្នុង ផែនការនោះផងដែរ ដែលគោលបំណងសំខាន់នៃផែនការនេះ គឺជំរុញការប្តេជ្ញាចិត្តចំពោះកិច្ចការកសាងសន្តិភាព និង សន្តិសុខស្ត្រី តាមរយៈការប្រែក្លាយវាចេញទៅជាសកម្មភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់UN Women នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើក ឡើងថា ផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ គឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរក ចក្ខុវិស័យរបស់អាស៊ានក្នុងការសម្រេចបាននូវសមភាពយេនឌ័រ។

លោកជំទាវបានបន្ថែមថា ៖ «ការលើកកម្ពស់តួនាទី និង ការ ចូល រួមរបស់ស្ត្រីនៅទូទាំងគ្រប់វិស័យដើម្បីសន្តិភាព និង សន្តិសុខ រាប់ចាប់តាំងពីការការពារពីជម្លោះ ការកសាង សន្តិភាព ការបញ្ចៀសភាពជ្រុលនិយមដោយហិង្សា និងការ ដោះស្រាយហានិភ័យដែលកំពុងកើតមាន ដូចជាគ្រោះ មហន្តរាយ និងជំងឺរាតត្បាតនៅក្នុងតំបន់»។

លោកជំទាវរដ្ឋមន្រ្តីបានបន្តថា ទាំងអស់នេះគឺជាការចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរបស់យើងដែលជាសហគមន៍ប្រកបដោយបរិយាប័ន្ន និងផ្តោតលើប្រជាជនជាមូលដ្ឋាន។ អាស៊ានប្តេជ្ញាថានឹងឈានឆ្ពោះទៅមុខជាមួយនឹងការជំរុញការអនុវត្តផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ានលោក Yohannes A. Abraham បានមានប្រសាសន៍ដែរថា ៖ «រដ្ឋាភិបាល សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយអាស៊ាន ដៃគូសន្ទនាផ្សេងទៀត និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់និងពង្រឹងតួនាទីដ៏សំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់»។

លោកបានបន្តថា ការកសាងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំ USAID ដែលជាសហប្រធាននៃការបើកសម្ពោធអាស៊ាន-អាមេរិក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីសមភាពយេនឌ័រ និងការ ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ភាពជាដៃគូជាមួយអាស៊ាន កាន់តែស៊ីជម្រៅជាមួយនឹងផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ សុទ្ធតែជាការតំណាងឱ្យ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការធានាថាស្ត្រីគឺជាភ្នាក់ងារសំខាន់នៃការផ្លាស់ប្តូរដើម្បីជំរុញការកសាងសន្តិភាព ការបង្ការជម្លោះ និងការស្តារឡើងវិញនៅក្នុងតំបន់។

លោក Yohannes A. Abraham ថា វាក៏ជាជំហាន ចាំ បាច់មួយសម្រាប់ការអនុវត្តផែនការសកម្មភាពថ្នាក់ជាតិ ដើម្បីពង្រីក និងពង្រឹងការចូលរួមរបស់ស្ត្រីនៅក្នុងការ បង្កើតគោលនយោបាយសម្រាប់បញ្ហាសន្តិភាព និងសន្តិសុខ។

ចំណែក លោកស្រី Sarah Knibbs នាយកប្រចាំតំបន់ ប៉ាស៊ីហ្វិកនិងអាស៊ីនៃស្ត្រីអង្គការសហប្រជាជាតិ បានលើក ឡើងថា ៖ «យន្តការស្ត្រី សន្តិភាព និងសន្តិសុខ ត្រូវបាន បង្កើតឡើងដោយគំនិតបរិវត្តកម្ម ដោយមានជំនឿថា សន្តិភាពផ្សារភ្ជាប់ជាមូលដ្ឋានទៅនឹងសមភាពរវាងស្ត្រី និងបុរស»។

លោកស្រីថា ផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ បានផ្តល់នូវក្របខ័ណ្ឌសំខាន់ៗ សម្រាប់សម្រេចបាននូវសន្តិភាពរួម និងនិរន្តរភាពក្នុងតំបន់ ហើយក៏ជាចំណុចចាប់ផ្តើមដើម្បីបញ្ជ្រាបទៅក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

ផែនការសកម្មភាពក្នុងតំបន់នេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការធានាថា រដ្ឋសមាជិកទាំង ១០ របស់ខ្លួនទទួលស្គាល់ភាពជាអ្នក ដឹកនាំ របស់ស្ត្រីក្នុងការទប់ស្កាត់ជម្លោះ ការកសាងនិងរក្សាសន្តិភាព ក្នុងតំបន់។

សូមរម្លឹកផងដែរថា អាស៊ានក៏ធ្លាប់បានបង្កើតឡើងនូវវិធានការ ក៏ដូចជាយុទ្ធសាស្ត្រជាច្រើនកន្លងមក រួមមាន សេចក្តីថ្លែងការណ៍ រួមស្តីពីការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខ ឆ្នាំ ២០១៧ ស្ត្រីអាស៊ានដើម្បីសន្តិភាពក្នុងឆ្នាំ ២០១៨ និងការសិក្សាថ្នាក់តំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅឆ្នាំ ២០២១ ហើយព្រឹត្តិការណ៍សំខាន់ៗ ទាំងបីខាងលើនេះសុទ្ធសឹងតែត្រូវបានសហការគាំទ្រដោយ USAID និង UN Women។

សូមបញ្ជាក់ថា គណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) និងគណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និង ការពារ សិទ្ធិស្ត្រី និងកុមារ (ACWC) បានដឹកនាំការអភិវឌ្ឍ គម្រោង ផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ ដោយមានការគាំទ្រពីក្រុមប្រឹក្សាស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ ដឹកនាំដោយប្រទេសកម្ពុជា និងក្រោមភាពជាដៃគូរវាងអាស៊ាន និង USAID សម្រាប់ការ ធ្វើឱ្យប្រសើរឡើងក្នុងតំបន់ តាមរយៈគម្រោងនយោបាយ សន្តិសុខ សង្គមនិងវប្បធម៌។

លើសពីនេះ ក៏មានគម្រោងស្ដីពីការផ្តល់សិទ្ធិអំណាចដល់ ស្ត្រី របស់អង្គការសហប្រជាជាតិសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព ដែលទទួលជំនួយមូលនិធិពីរដ្ឋាភិបាលកាណាដា និង សាធារណរដ្ឋកូរ៉េ៕ ដោយ៖ ធា សុខណា

ads banner