ព្រឹត្តិការណ៍រំលឹកគុណអង្គររយៈពេលបីថ្ងៃ នឹងមានកម្មវិធី សំខាន់ៗជាច្រើនដែលសាធារណជនអាចចូលទស្សនាដោយសេរី
សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គររយៈពេលបីថ្ងៃដែល នឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ក្នុងខែធ្នូ ឆ្នាំ ២០២២នឹងមានពិធីរាប់បាតព្រះសង្ឃរហូតដល់ចំនួន១៣០អង្គ។ បន្ទាប់ពីកម្មវិធីបួងសួង និងមានកម្មវិធីសាសនា ស្ដង់ ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីផង។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបាន ឱ្យដឹងថា តាមការគ្រោងទុកពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ នេះ ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ មានពិធីបួងសួងព្រឹត្តិការណ៍ រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្តក្រោម អធិបតី ភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោកបានបន្តថា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូ ប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរ ជាតិនិងភ្ញៀវអន្តរជាតិ ក៏នឹងចូលរួមផងដែរ។
លោកបានលើកឡើងថា ៖ «នៅព្រឹកថ្ងៃដំបូងនោះដែរ បន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាត្រព្រះសង្ឃ ចំនួន១៣០អង្គផងដែរ។ នៅថ្ងៃបន្តបន្ទាប់ក៏មាននូវ ទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនា ការតាំងពិព័ណ៌ពីសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមក ស្នាដៃសិល្បៈដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លង ព្រមទាំងការ ចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម»។
រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹង បើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឱ្យ បានច្រើនកុះករ។ លោក ឡុង កុសល បានបញ្ជាក់បន្ថែម។
សូមជម្រាបដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិ អប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោក បានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយ ដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិ មាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕ ដោយ៖ នាង សុគន្ធា