អាជ្ញាធរជាតិអប្សរានឹងកាត់ដកហូតដើមឈើ៦០ដើម និងកាត់ក្រីមែកឈើមានហានិភ័យនាបរិវេណក្នុងរមណីយដ្ឋានអង្គរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងធ្វើការកាត់ដកហូតដើមឈើ ប្រមាណ ៦០ដើម និងកាត់ក្រីមែកឈើឯទៀតដែលមាន ហានិភ័យ នៅតាមបរិវេណប្រាសាទនិងទីតាំងសំខាន់ៗ នៅ រង្វង់រមណីយដ្ឋានអង្គរដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន និងដើម្បីលើកកម្ពស់សោភ័ណភាពនៅក្នុង បរិវេណរមណីយដ្ឋានផង។
តាមរយៈសេចក្តីជួនដំណឹងចេញផ្សាយនៅថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរជាតិអប្សរាបានជម្រាបជូនដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ សមាគមទេសចរណ៍ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនថា អាជ្ញាធរជាតិអប្សរានឹង ចាត់វិធានការកាត់ដកហូតដើមឈើប្រមាណ ៦០ដើម និងកាត់ក្រីមែកឈើនានាទៀតដែលមានហានិភ័យនៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗនៅក្នុងរមណីយដ្ឋានអង្គរ ប្រមាណ ៦០ដើម ដែលចាប់អនុវត្តចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ តទៅ។
មូលហេតុជុំវិញការកាត់ដកហូតនិងក្រីមែកឈើនៅតាមទីតាំងមួយចំនួនដូចនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដូច្នេះថា៖ ៖ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាម បរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែល គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា នឹងកាត់ ដកហូតដើមឈើនិងកាត់ក្រីមែកឈើ នៅតាមទីតាំងនានា»។
ដើមឈើប្រមាណ ៦០ដើមដែលមានហានិភ័យ ដែលអ្នកជំនា ញនៃអាជ្ញាធរជាតិអប្សរាបានកំណត់គ្រោងនឹងកាត់ដកហូតនោះ មាន ១៥ដើម នៅបរិវេណសួនរុក្ខជាតិអង្គរ,បួនដើមនៅ ប្រាសាទបេងមាលា, ១០ដើម នៅសងខាងបង្កាន់ដៃ នាគ ខ្លោងទ្វារជ័យ, ១០ដើម នៅបរិវេណប្រាសាទចៅស្រីវិបុល, ១១ដើម នៅបរិវេណប្រាសាទបន្ទាយខ្យង, ប្រាំពីរដើម នៅបរិវេណប្រាសាទបន្ទាយអំពិល, មួយដើម នៅខាងលិច ប្រាសាទភិមានអាកាស, ពីរដើម នៅផ្លូវចូលខាងកើត ប្រាសាទ តាកែវ និងកាត់ក្រីមែកឈើនៅតាមទីតាំងសំខាន់នានា ទៀត ដែលអាចមានហានិភ័យ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក ហេង គឹមហុង ប្រធានកម្មវិធី ផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជន កម្ពុជា(CYN)និងសកម្មជនការពារបរិស្ថានលើកឡើងថាដើមឈើក៏បានចូលរូមចំណែកលើកសម្រស់ដល់ប្រាសាទបុរាណខ្មែរដែលជាបេតិកភណ្ឌវប្បធម៌ផ្សារភ្ជាប់នឹងធម្មជាតិ ។លោកចង់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ធ្វើ យ៉ាងណាកែខៃបញ្ចូលធាតុផ្សំពីរនេះបញ្ចូលគ្នានៅបរិវេណរមណីយដ្ឋានអង្គរ។
លោកថា ៖ «ការដកឈើចេញនេះ មន្ត្រីគួរមានជម្រើសពីរ។ដោយទី១ សម្រាប់ដើមឈើធំៗដែលមានឬសមាំ គួររក្សាទុក និងជម្រើសទី២ ដកតែដើមឈើណាដែលអាចប៉ះពាល់ដល់ សុខភាពប្រាសាទ ឬអាចដូលរលំជាយថាហេតុ ដែលចៀស វាងដកដើមឈើទាំងអស់ចោល ធ្វើឱ្យបាត់បង់សោភ័ណ ប្រាសាទ ទៅវិញទេ»។
សូមរំឭកថា នេះមិនមែនជាលើកទីមួយឡើយ ដែលអាជ្ញាធរ ជាតិ អប្សរាប្រកាស ចាត់វិធានការកាត់ដកហូតដើម ឈើនិង កាត់ក្រីមែកឈើដែលអាចបង្កហានិភ័យនៅបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ នេះ ដែលកន្លងមកមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរ នេះក៏ធ្លាប់ចាត់វិធានការដូច្នេះដែរ។
ជាក់ស្តែង នៅខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបាន កាត់ដកហូតដើមឈើចំនួន៤ដើមដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងនៅខែមីនា ឆ្នាំនេះ បានដកហូតជាងដើមឈើជាង ១០០ ដើមនៅក្នុងទីតាំងប្រាសាទសំខាន់ៗចំនួនបី និងក្នុងទីតាំង ផ្សេងទៀតក្នុងស្រុកប្រាសាទបាងគង៕
ដោយ៖សំបាន ច័ន្ទដារ៉ា