សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានាធិបតីចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅស្ថានទូតចិនប្រចាំនៅកម្ពុជា។

ក្នុងសារនៅលើសៀវភៅដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធនាស្ថានទូតចិនប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ ខ្ញុំមានសេចក្ដីទុក្ខសោកយ៉ាងក្រៀមក្រំ ដែលទទួលបាននូវដំណឹងមរណភាពរបស់ឯកឧត្តម ជង ជីមីន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។

សម្ដេចបន្តថា មរណៈភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។

ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តមអតីតប្រធានាធិបតី មិនត្រឹមតែផ្ដល់ជាគំរូវីរភាពដ៏ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន នូវការគោរពស្រឡាញ់ពីប្រជាជន ក្នុងបណ្ដាប្រទេសនានានៅលើសាកលលោកផងដែរ។ ឯកឧត្តម ជាំង ជឺមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០០០ របស់ឯកឧត្តម បានផ្ដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជឺមីន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រឡាញ់ជារៀងរហូត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner