ជប៉ុនបន្តផ្តល់ថវិកាជាង ១៨ម៉ឺនដុល្លារ សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បាន ឯកភាពផ្តល់ថវិកាជំនួយឥតសំណងក្រោមគ្រោងការណ៍នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដែលមានទឹកប្រាក់សរុប ១៨៦.៨៥៦ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ដែលធ្វើឡើងនៅស្ថានទូតជប៉ុន នារាជធានីភ្នំពេញ រសៀលថ្ងៃទី៥ ខែធ្នូនេះ ដោយលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichitomo) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

លោក តានិណៃ អ៊ីឈិតុម៉ុ ថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មី ជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន៩៩.២១២ដុល្លារ។គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន៣.៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។ ចំណែក ថវិកាចំនួន៨៧.៦៤៤ ដុល្លារអាមេរិក) នឹងយកទៅប្រើប្រាស់ សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន៣ ដែលរងការខូចខាត នៅក្នុងស្រុកព្រៃឈរ ខណៈបរិក្ខារធារាសាស្ត្រដែលរងការខូតខាតបច្ចុប្បន្ន មិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើ ស្រែចម្ការ។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង៤.៥០០នាក់ ដែលនឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព។
ជំនួយឥតសំណងក្រោមគ្រោងការណ៍នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៦៥លានដុល្លារ អាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងនេះ ចំនួន៦៦៧នៅទូទាំងប្រទេសកម្ពុជា៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner