អាជ្ញាធរអគ្គិសនីបញ្ចុះថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់ក្នុងវិស័យកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសម្រេចជា គោលការណ៍អនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ ប្រភេទ ក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី ដែល ទទួលប្រភពពីបណ្តាញជាតិអាជ្ញាធរអគ្គិសនីកម្ពុជា។

យោងតាមសេចក្តីណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាជូនអ្នកកាន់អាជ្ញា បណ្ណផ្គត់ផ្គង់អគ្គិសនី និងអ្នកប្រើប្រាស់គ្រប់ប្រភេទ ក្នុង វិស័យកសិកម្មទាំងអស់បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៦ មក ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវគោល នយោបាយ ផ្តល់ថ្លៃអនុគ្រោះពិសេស ចំពោះអ្នកប្រើប្រាស់ដែលយក អគ្គិសនី ទៅបូមទឹកសម្រាប់ធ្វើកសិកម្ម នៅពេលយប់ ចាប់ ពីម៉ោង ៩:០០យប់ ដល់ ម៉ោង ៧:០០ព្រឹកឱ្យបង់ថ្លៃអគ្គិសនី ត្រឹមតែ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ។

បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បន្ថែមលើនេះ នៅ ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានពង្រីកវិសាលភាពនៃការផ្តល់ ថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើអគ្គិសនីនៅពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹកឱ្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ក្នុងវិស័យកសិកម្ម។ ដូច្នេះពេលនេះដើម្បីជួយជំរុញការ អនុវត្តគោលនយោបាយ ផ្តល់ថ្លៃអនុគ្រោះពិសេសនេះ ឲ្យកាន់តែរលូន និងមានប្រសិទ្ធភាពអាជ្ញាធរអគ្គិសនី កម្ពុជាកំណត់គោលការណ៍ និងនីតិវិធីនៃការអនុវត្ត ។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យ សភាកម្ពុជាថ្លែងថា ការកំណត់តម្លៃអនុគ្រោះអគ្គិសនី លើវិស័យកសិកម្ម គឺការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើមរបស់វិស័យនេះ ។

លោកបន្តថា ៖ «មួយវិញទៀត វារីអគ្គិសនី គឺប្រើប្រាស់ទឹក ដូច្នេះ ហើយ ចន្តអគ្គិសនីដែលមិនមានអ្នកប្រើប្រាស់ នៅ ពេលយប់នឹងធ្វើឱ្យចរន្តអគ្គិសនីវិលចោល។ ចំណែកឯ ការប្រើប្រាស់នៅពេលថ្ងៃមានការខ្វះខាត។ ដូច្នេះ ការ លើកទឹកចិត្តឱ្យមានការផលិតអគ្គិសនីនៅពេលនេះ យប់នេះ នឹងធ្វើឱ្យតម្លៃដើមទាបជាងមុន»។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះបីគោលនយោបាយ ឧបត្ថម្ភធនចំពោះតម្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម និង កសិកម្ម ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តមក ហើយ ក៏ដោយប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្តែងគឺការប្រើប្រាស់សេវានេះនៅមានកម្រិតតិចតួចបំផុត ដែលជាហេតុធ្វើឱ្យការ ចំណាយរបស់ប្រជាកសិករទៅលើថ្លៃថាមពលអគ្គិសនីនៅតែខ្ពស់។

លោកបានបន្តថា ការទទួលបានតម្លៃអគ្គិសនីក្នុង កម្រិត អនុគ្រោះ នឹងនាំឱ្យតម្លៃដើមផលិតធ្លាក់ចុះ ដែលនឹង ជួយឱ្យការសន្សំរបស់ប្រជាកសិករកើនឡើង ហើយនៅ ពេលការសន្សំកើនឡើង វានឹងជួយ ឱ្យសេដ្ឋកិច្ចជាតិ មាន កំណើនវិជ្ជមានផងដែរ។

ឯកឧត្តម ឌិត ទីណា បានប្រាប់ថា៖ «ថាមពលអគ្គិសនីតម្លៃ ទាបដែលរដ្ឋាភិបាលផ្តល់ការអនុគ្រោះដល់វិស័យកសិកម្ម(ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម) គឺគិតចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក។ ខ្ញុំសូមស្នើចាប់ពីពេលនេះតទៅ សូម បងប្អូនប្រជាកសិករទៅរកសេវាករអគ្គិសនី ឬអាជ្ញាធរដើម្បី ចាប់ផ្តើមប្រើប្រាស់អគ្គិសនីមានតម្លៃទាប»។

ជាមួយគ្នានេះឯកឧត្តមក៏សូមឱ្យមន្ត្រីនៃមន្ទីរកសិកម្មចុះទៅផ្សព្វផ្សាយ និងជំរុញដល់ប្រជាជនឱ្យមកចាប់ផ្តើមប្រើប្រាស់ អគ្គិសនីតម្លៃទាបឱ្យបានច្រើន និងដើម្បីធ្វើឱ្យការសន្សំរបស់ ពួកគាត់បានកាត់តែច្រើនផងដែរ។

យោងតាមឯកឧត្តម ឌិត ទីណា ជាមធ្យមក្នុងមួយខែ ការ ចិញ្ចឹមសត្វនៅកម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីប្រហែល ១២លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងថវិកាប្រហែលពីរ លាន ដុល្លារ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឯកឧត្តម ស៊ុយ សែម បាន និយាយថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ យ៉ាង ខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជន តាមរយៈ ការឧបត្ថម្ភ ធនទៅលើវិស័យថាមពលដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់គ្នាទទួលបានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មិនរអាក់រអួល និងមានតម្លៃសមរម្យ។

សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម ដែលជាផ្នែកសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលកម្ពុជា ចាប់ តាំងពីឆ្នាំ២០២១ មកបានដាក់ឱ្យអនុវត្តនូវគោលនយោបាយ អនុគ្រោះចំពោះវិស័យកសិកម្ម និងឧស្សាហកម្ម ដោយ បានកំណត់ថា ការប្រើប្រាស់ភ្លើងអគ្គិសនីចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹកនឹងត្រូវគិតតម្លៃត្រឹមតែ ៤៨០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ឯកឧត្តមបន្ថែមថា ទោះយ៉ាងណាមកដល់ពេលនេះ ការ អនុវត្តហាក់មិនសូវមានទេ ដែលអាចបណ្តាលមកពីកត្តា មួយចំនួនដូចជា កម្រិតនៃការយល់ដឹងរបស់ប្រជាជន មាន កម្រិត ខណៈផ្នែកពាក់ព័ន្ធក៏មិនសូវយល់ដឹងពីនីតិវិធី ដើម្បីអនុវត្តផងដែរ៕ ដោយ៖ យុទ្ធ វីរះ

ads banner