គណៈឆ្មបកម្ពុជារៀបចំសិក្ខាសាលាក្រោយឆ្មបម្នាក់ប្រព្រឹត្តហួសវិជ្ជាជីវៈស្ទើរបណ្តាលឱ្យអ្នក ជម្ងឺស្លាប់ (Video Inside)
គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដែនកំណត់និងនិយាមវិជ្ជាជីវៈឆ្មប ដែលសិក្ខាសាលានេះ ធ្វើឡើងក្រោយមានការរិះគន់ជុំវិញសេវាកម្ម ឆ្មបនៅគ្លីនីកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ បានប៉ះពាល់សុខភាពមាតាម្នាក់ ដែលស្ទើរតែនឹងបាត់បង់ជីវិតថែមទៀត។
សិក្ខាសាលានៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ បានស្ថិតក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ធា គ្រុយ ដែលបានថ្លែងថាកិច្ចការរបស់ឆ្មប គឺខុសពីអាជីវកម្មរក ស៊ីលក់ដូរ។
ប្រសាសន៍បញ្ជាក់របស់សាស្ត្រាចារ្យ ធា គ្រុយ អំពីកាតព្វកិច្ចរបស់ឆ្មបនេះ គឺនៅបន្ទាប់ពីក្រសួងសុខាភិបាលបានដាក់ពិន័យឆ្មបម្នាក់ឈ្មោះ អ៊ឹង ធារិន នៃមជ្ឈមណ្ឌលឯកជនដើមអង្ក្រង នៃស្រុកគងពិសីខេត្តកំពង់ស្ពឺ។
ស្ត្រីជាមាតាអាយុ២២ឆ្នាំឈ្មោះ សឿន ស្រីអូន បានទៅរកពេទ្យឆ្មបនៅទីនោះដើម្បីជួយវះកាត់ បន្ទាប់ពីទារកអាយុ៥ខែស្លាប់ក្នុងផ្ទៃ ប៉ុន្តែក្នុងការព្យាបាលនោះ ស្ត្រីឆ្មបដែលគ្មានជំនាញនោះទាល់តែសោះ ត្រូវគេរាយការណ៍ថា គាត់ថែមទាំងបានកាត់ ដោយទាំងពោះវៀនស្ត្រីអ្នកជម្ងឺ ដែលវិះតែនឹងអស់ជីវិត។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងដាស់តឿនថាឆ្មបដែលគ្មានជំនាញ មិនត្រូវធ្វើអ្វីដែលហួសពីជំនាញរបស់ខ្លួននោះទេ។
ក្រសួងសុខាភិបាល នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថ្ងៃទី៣០វិច្ឆិកា បានដាក់ទណ្ឌកម្មឆ្មប ឈ្មោះ អ៊ឹង ធារិន នោះ ដោយការផ្អាកការប្រកបវិជ្ជាជីវៈឆ្មបរយៈពេល២ឆ្នាំ។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងព្រមានថាបើស្ត្រីឆ្មបរូបនោះ បន្តប្រព្រឹត្តនូវអំពើដដែល នឹងត្រូវគេបញ្ឈប់មិនឱ្យធ្វើកិច្ចការឆ្មបជារៀងរហូត។