សិក្ខាកាម២៩នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាបាល់ឱប ដោយជោគជ័យ
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា បញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយចំណាយពេល៤ថ្ងៃ បង្រៀនដោយគ្រូឧទ្ទេសមកពីប្រទេសជប៉ុន លោក YUSUKE HORIE ។
លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១ ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយជំរុញការអភិវឌ្ឍន៍កីឡាបាល់ឱបនៅកម្ពុជា មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ មានសិក្ខាកាមចូលរួមសរុប២៩នាក់ មកពីបណ្តាសមាគមន៍ ក្លិប និងអង្គការនានា។
ក្នុងនាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ឯម ហៀង បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១នេះ គឺមានសារសំខាន់ ក្នុងការជំរុញអភិវឌ្ឍន៍ធនធានមនុស្សអោយកាន់តែមានសក្តានុពល រីកចំរើន និងមានប្រសិទ្ធភាពឈានទៅការចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខនេះឲ្យទទួលបានជោគជ័យ។
លោកជំទាវ ស៊ុ សុខា ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់បានចំណេះដឹង បច្ចេកទេស និងជំនាញបន្ថែម ដើម្បីកសាងធនធានសម្រាប់សហព័ន្ធ ចូលរួមផ្សព្វផ្សយកីឡាបាល់បាល់ឱប ដល់យុវជនជំនាន់ថ្មី ជាគ្រឹះដ៍រឹងមាំ ហើយដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត អោយកាន់តែមានប្រជាប្រិយភាព និងផុសផុលនៅកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ សង្ឃឹមថា សិក្ខាកាម ដែលទើបតែបញ្ចប់វគ្គនេះ និងចែករំលែកចំណេះដឹង បច្ចេកទេស និងជំនាញ ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមកសាងធនធានមនុស្សអោយបានច្រើន និងសម្បូរបែប សម្រាប់សហព័ន្ធកីឡាបាល់បាល់ឱប៕ ចាន់ វិចិត្រ