អ៊ុយក្រែនវាយប្រហារមូលដ្ឋានទ័ពរុស្ស៊ីចំនួន២ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន
អ៊ុយក្រែន៖ អ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី៥ ខែធ្នូបានវាយប្រហារ លើមូលដ្ឋានទ័ពរបស់រុស្ស៊ីចំនួនពីរកន្លែង ដែលនៅចម្ងាយរាប់ រយគីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន ដោយប្រើយន្តហោះគ្មាន មនុស្ស បើក (ដ្រូន)។ នេះបើតាមការអះអាងរបស់ ក្រសួង ការពារជាតិរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់។
អ៊ុយក្រែនមិនបានប្រកាសបដិសេធ ឬទទួលស្គាល់ ការខុសត្រូវជាផ្លូវការយ៉ាងណានោះទេ។ ប៉ុន្តែមន្រ្តីជាន់ ខ្ពស់អ៊ុយក្រែន បានអះអាងប្រាប់កាសែតញូវយ៉ក ថែមស៍ជាអនាមិកថា អ៊ុយក្រែនបាញ់ដ្រូនចេញពីទឹកដី របស់ខ្លួន ហើយដ្រូនយ៉ាងហោចណាស់មួយ បានវាយ ប្រហារចំគោលដៅដោយមានជំនួយពីកម្លាំងពិសេសដែលនៅជិតមូលដ្ឋានទ័ពរុស្ស៊ី។
ចំណែកឯក្រសួងការពារជាតិរុស្ស៊ីវិញ បានអះអាងដោយមិន បញ្ចេញព័ត៌មានលម្អិតថា អ៊ុយក្រែនបានប្រើដ្រូនសម័យ សូវៀតដើម្បីធ្វើការវាយប្រហារលើមូលដ្ឋានទ័ព Engels ក្នុងតំបន់ Saratov ដែលនៅចម្ងាយជាង ៦០០ គីឡូម៉ែត្រ ពីព្រំដែនភាគខាងកើតរបស់អ៊ុយក្រែន និងមូលដ្ឋានទ័ព អាកាស Dyagilevo ក្នុងតំបន់ Ryazan ដែលស្ថិតនៅជាង ៥០០ គីឡូម៉ែត្រពីភាគឦសាននៃព្រំដែនអ៊ុយក្រែន។ ក្រសួងបន្តថា យោធារបស់ខ្លួនបានស្ទាក់ចាប់ដ្រូន ទាំងនោះ ដោយមិនបញ្ជាក់ពីចំនួនពិតប្រាកដ ប៉ុន្តែបន្តថា បំណែក នៃដ្រូនបានធ្លាក់ទៅផ្ទុះបណ្ដាលឱ្យមានការខូចខាតតិចតួចលើយន្តហោះ២គ្រឿង សម្លាប់ទាហាន៣នាក់ និងបង្កឱ្យរបួស លើមនុស្ស៤នាក់ផ្សេងទៀត។
គួរកត់សម្គាល់ថា ការវាយប្រហារដែលមិនធ្លាប់មាន ពីមុនមកនេះ បានបង្ហាញពីឆន្ទៈថ្មីរបស់ក្រុងកៀវ ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងបើកបង្ហាញជាលើក ដំបូងនូវសមត្ថភាពយោធារបស់អ៊ុយក្រែនក្នុងការវាយប្រហារគោលដៅរយៈចម្ងាយឆ្ងាយ។ វាក៏ជាសញ្ញាថ្មី បង្ហាញពីភាព តានតឹងនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ដែលបន្តអូសបន្លាយជាង៩ខែផងដែរ។
អ្វីដែលសំខាន់មួយទៀតនោះគឺថា មូលដ្ឋានទ័ព Engels ដែលរងការវាយប្រហារ គឺជាមូលដ្ឋានដាក់យន្តហោះ ទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងដើរដោយនុយក្លេអ៊ែរមួយ ចំនួនរបស់រុស្ស៊ី ដូចជាយន្តហោះ Tupolev-160 និង Tupolev-95 ជាដើម។
មន្រ្តីអ៊ុយក្រែនអះអាងថា ប្រហែលជា២ទៅ៣ម៉ោង ក្រោយការផ្ទុះ រុស្ស៊ីបានជម្លៀសយន្តហោះទម្លាក់គ្រាប់ បែកខ្លួនជាង១០គ្រឿងចេញពីមូលដ្ឋានទ័ព Engels ។
បន្ទាប់ពីការវាយប្រហារនេះ រុស្ស៊ីបានធ្វើការបាញ់មីស៊ីល យ៉ាងច្រើនគ្រាប់ទៅលើអ៊ុយក្រែន ក្នុងរូបភាពដូចគ្នានឹងអ្វី ដែលរុស្ស៊ីបានធ្វើចាប់តាំងពីខែតុលាមក ដោយផ្ដោតលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងយុទ្ធនាការមួយ ដែលកំពុងតែ ធ្វើឱ្យពលរដ្ឋអ៊ុយក្រែនរាប់លាន់នាក់ខ្វះអគ្គីសនីប្រើប្រាស់ក្នុងរដូវរងានេះ។ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ មីស៊ីលរបស់រុស្ស៊ីជាង ៦០ គ្រាប់ក្នុងចំណោម៧០គ្រាប់ដែល បាញ់ចូលអ៊ុយក្រែន គិតត្រឹមតែក្នុងថ្ងៃចន្ទនេះ៕
ដោយ៖ហួនឌីណា
ប្រភព៖ Ukrainian drones attack military bases hundreds of miles inside Russia, escalating the war