រអិលបាក់ដីនៅប្រទេសកូឡុំប៊ីបណ្តាលឱ្យមនុស្សយ៉ាងតិច៣៤នាក់ស្លាប់
បូហ្គោតាៈ មនុស្ស៣៤ត្រូវបានស្លាប់ បន្ទាប់ពីមានការរអិលបាក់ ដីដ៏ធំមួយធ្លាក់មកកប់ឡានក្រុងដឹកអ្នកដំណើរនៅភាគពាយ័ព្យ ប្រទេសកូឡុំប៊ីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។
ទីភ្នាក់ងារ ជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៏នេះកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយដីភ្នំបានធ្លាក់មកលើឡានក្រុងដែលកំពុងធ្វើដំណើរលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda – ប្រហែល ២៣០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានី បូហ្គោតា។
ក្រុមអ្នកជួយសង្គ្រោះកំពុងជីកកកាយដីភក់ដើម្បីរកអ្នកនៅរស់ដោយមនុស្ស ៩នាក់ត្រូវបានគេរកឃើញ។នៅក្នុងនោះ មាន កុមារចំនួន៨នាក់ និងក្មេងស្រីម្នាក់អាយុ ៧ឆ្នាំ ដែលគេប្រទះ ឃើញ កំពុងតោងជាប់សាកសពម្តាយរបស់នាង។
រថយន្តក្រុងនេះធ្វើដំណើរពីទីក្រុង Cali ដែលជាទីក្រុងធំទីបី របស់ប្រទេសកូឡុំប៊ីទៅកាន់ក្រុង Condoto ក្នុងខេត្ត Choco ។
អភិបាលក្រុង Pueblo Rico លោក Leonardo Fabio Siagama បានប្រាប់អ្នកសារព័ត៌មានថា សាកសពជនរង គ្រោះនិងត្រូវបានដឹកទៅកាន់កីឡដ្ឋានកីឡាមួយក្នុងទីក្រុង ដើម្បីរងចាំសាច់ញាតិមកទទួល។
ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដោយសារតំបន់នេះជាតំបន់ភ្នំ ភ្លៀងធ្លាក់ញឹកញាប់ និងការសាងសង់ផ្ទះមិនរៀបរយនិងតាមជម្រាលភ្នំ ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានកូឡុំប៊ីលោកស្រី Susana Muhamad បានបង្ហោះសារមួយនៅលើ Twitter ថា ប្រទេសនេះនឹង ចាប់ផ្តើមផ្តោតទៅលើការដាំដើមឈើវិញ ដើម្បីជៀសវាង សោកនាដកម្មរអិលបាក់ដីនាពេលអនាគត។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថាភ្លៀងធ្លាក់ខ្លាំងនេះបង្កឡើងដោយបាតុភូតិអាកាសធាតុ La Nina ដែលបាន សម្លាប់មនុស្សជាង ២១៦ នាក់ បាត់ខ្លួន ៤៨នាក់ និងបានធ្វើ ឱ្យ ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង បើគិតមកដល់ឆ្នាំ ២០២២។កាលពីឆ្នាំ ២០១៧ប្រទេស កូឡុំប៊ីបានជួបប្រទះការអិលបាក់ដីដ៏ធំបំផុតមួយដែលបានសម្លាប់មនុស្សជាង ៣២០នាក់នៅក្នុងទីក្រុង Mocca ៕
ដោយ៖ឡេង អារីតា
ប្រភពព័ត៍មាន៖ Landslide buries bus in Colombia, Killing at least 34.