ប្រមុខការពារជាតិអាមេរិក និងអូស្រ្តាលីប្តេជ្ញាប្រឆាំងនឹងសកម្មភាពយោធាអស្ថិរភាពរបស់ប្រទេសចិន
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក និងអូស្រ្តាលីប្តេជ្ញាប្រឆាំងនឹងសកម្មភាពយោធាអស្ថិរភាពដោយប្រទេសចិន។ ប្រមុខការពារជាតិទាំងពីរបានចេញសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីកិច្ចប្រជុំមួយនៅឯមន្ទីរបញ្ចកោណ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា អូស្ត្រាលី-សហរដ្ឋអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាផងដែរ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី និងជាទីផ្សារកំពូលសម្រាប់ការនាំចេញរ៉ែដែក ប៉ុន្តែទីក្រុងកង់បេរ៉ាបានបង្កើនការព្រួយបារម្ភ អំពីមហិច្ឆតាយោធារបស់ទីក្រុងប៉េកាំងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង បន្ទាប់ពីខ្លួនបានធ្វើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុននៅឆ្នាំនេះ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានជួបជាមួយសមភាគីអូស្ត្រាលី លោក រីឆាដ ម៉ាឡេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ជាផ្នែកមួយនៃកិច្ចពិភាក្សាប្រចាំឆ្នាំ អូស្មីន (AUSMIN)។ ចំណែកកិច្ចប្រជុំក្នុងថ្ងៃអង្គារសប្តាហ៍នេះ ក៏នឹងវត្តមានរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរផងដែរ។
ដោយឡែករដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស ក៏នឹងចូលរួមកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់ក្រុមរដ្ឋមន្ត្រី អូឃឹស (AUKUS) ក្នុងថ្ងៃពុធសប្តាហ៍នេះ នៅរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ៕
ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា