អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា កំពុងបង្កភាពចលាចលដើម្បីទទួលសម្បទានក្នុងកិច្ចចរចានុយក្លេអ៊ែរ

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ពី “ការស្វែងរកភាពវឹកវរ” នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបង្ខំខ្លួនឱ្យផ្តល់សម្បទានសម្រាប់កិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

លោក Amir-Abdollahian បានធ្វើការចោទប្រកាន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសស៊ែប៊ី លោក Ivica Dacic បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅរដ្ឋធានីប៊ែលហ្គ្រេដ ប្រទេសស៊ែប៊ី។ លោក Amir-Abdollahian ត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ថា យើងមិនអនុញ្ញាតឱ្យនរណាម្នាក់ ញុះញង់ឱ្យមានកុប្បកម្ម និងភេរវកម្មនៅក្នុងប្រទេសរបស់យើងជាដាច់ខាត។

ថ្លែងពីការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell លោក Amir-Abdollahian បានអះអាងថា មានតែកិច្ចព្រមព្រៀងយូរអង្វែង ដែលមានសមត្ថភាពការពារផលប្រយោជន៍ប្រជាជនអ៊ីរ៉ង់ទេ ដែលនឹងមានតម្លៃសម្រាប់ប្រជាជាតិអ៊ីរ៉ង់។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ គិតមកទល់ពេលនេះ គ្មានរបកគំហើញណាមួយត្រូវបានសម្រេច នៅក្នុងជុំចុងក្រោយនៃការចរចាស្តារកិច្ចព្រមព្រៀងនេះកាលពីដើមខែសីហានោះទេ៕

ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner