១១ខែ ឆ្នាំ២០២២ ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម កើនឡើងដល់ ១៨.៥ភាគរយ

ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ប្រទេសវៀតណាមរកចំណូលបានជាង ៣៤.៥ពាន់លានដុល្លារ ពីការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ កើនឡើង ១៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកាប៉ុណ្ណោះ ការនាំចេញវាយនភណ្ឌ និងកាត់ដេររបស់វៀតណាមបានថយចុះ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមក នៅប្រហែល ២.៨ពាន់លានដុល្លារ។ សារព័ត៌មានក្នុងស្រុក Vietnam News បានដកស្រង់សម្តីប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម លោក Vu Duc Giang ដែលបាននិយាយថា អតិផរណា, ការទម្លាក់តម្លៃរូបិយប័ណ្ណ និងការថយចុះអំណាចបញ្ជាទិញរបស់ប្រទេសធំៗ គឺជាហានិភ័យសម្រាប់វិស័យវាយនភណ្ឌ និងកាត់ដេររបស់ប្រទេសវៀតណាម។

លោកថា កត្តាទាំងនោះបានបង្ខំឱ្យសហគ្រាសវាយនភណ្ឌ និងកាត់ដេរវៀតណាមស្វែងរក និងធ្វើពិពិធកម្មទីផ្សារនាំចេញ។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ អាជីវកម្មជាច្រើននៅតែរីកចម្រើនក្នុងការផលិត។ ទន្ទឹមគ្នា លោកបានព្យាករណ៍ថា ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ទំនងជានឹងទទួលបានទិសដៅនាំចេញចន្លោះពី ៤២ ទៅ ៤៣ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។

សូមរម្លឹកថា ក្នុងឆ្នាំ២០២១ វៀតណាមបានកត់ត្រាចំណូលនៃការនាំចេញជាង ៣២.៧ពាន់លានដុល្លារ ពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ កើនឡើង ៩.៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម។ ទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម រួមមានប្រទេសចិន ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner