ឯកឧត្តមបណ្ឌិត មាស សារិន៖ ផ្តល់អនុសាស្រ្ត១០ចំនុច ដើម្បីអោយសីដក់ កាន់តែរីកចម្រើន ទាំង បរិមាណ និងគុណភាព សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត មាស សារិន សហព័ន្ធកីឡាសីដក់ និងឈិនឡុនកម្ពុជា បានផ្តល់អនុសាស្រ្ត១០ចំនុច ក្នុងពិធី”បិទ”ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថា្នក់ជាតិ ឆ្នាំ២០២២ ដើម្បីអោយសីដក់ កាន់តែរីកចម្រើន ទាំង បរិមាណ និងគុណភាព ក្នុងរយៈពេលខ្លី សម្រាប់ដណ្តើមមេដាយពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម មាស សារិន បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា រៀបចំការប្រកួត កីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា រយៈពេល២ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ហាបច្ចេកទេស ក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធន៍ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់តែមានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករកីឡាការិនីបន្ថែមទៀត។ ឯកឧត្តម មាស សារិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានធ្វើអោយកម្ពុជាមានសុខសន្តិភាពពេញលេញ រហូតទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលខាងមុខនេះ។ យើងទាំងអស់គ្នា សូមអរគុណ សន្តិភាព ដែលផ្ដល់ឱកាសអោយយើងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ដើម្បីឱ្យកីឡាសីដក់ នៅកម្ពុជា កាន់តែមានការរីកចម្រើនទាំង បរិមាណនិងគុណភាព ល្អក្នុងពេលដ៏ខ្លីខាងមុខ ឯកឧត្តម មាស សារិន បានផ្ដល់អនុសាសន៍ណែនាំ មួយចំនួន ដូចខាងក្រោម ៖
១- ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណ កីឡាករ-កីឡាការិនី វ័យក្មេង នៅតាមបណ្តាសមាគម-ក្លិបកីឡាសីដក់ ទូទាំងប្រទេស។
២- ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគម ក្លិប ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ដូចជាចូលរួមប្រកួត ទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ។
៣-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគម-ក្លិប ដោយផ្តោតសំខាន់លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
៤- ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការបកួត បានគ្រប់កម្រិត ។
៥-ផ្លូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើត ព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។
៦-ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់ សហព័ន្ធឱ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ អន្តរជាតិ ឲ្យកាន់តែច្រើនទៀតឲ្យកាន់តែច្រើន បន្ថែមទៀត ។
៧- ត្រូវប្រឹងប្រែងរកទីលានប្រកួតប្រភេទកីឡាសីដក់ស្តង់ដារមួយដើម្បី រៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ។
៨-សូមមហាជនជួយបំផុសនិយមន័យកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺជា កីឡារស់ក្នុងសន្តិភាព និងអរគុណសន្តិភាព ។
៩-កម្ពុជាស្អាត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គា្ន ចូលរួមសម្អាតតាមមុខផ្ទះឲ្យបានស្អាតត្រៀមខ្លួនទទួលស្វាគមន៍ប្រតិភូកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
១០-សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និង ជួយលើកកំពស់សុខមាលភាព ដល់ប្រជាពលរដ្ឋឲ្យជៀសឆ្ងាយពីគ្រឿងញៀន ។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ និងការប្រកួតជើងឯកថ្នាក់ជាតិ កីឡាករ កីឡាការិនី នឹងត្រូវចេញទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner