មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់ ទទួល ការបណ្តុះបណ្តាលពីស្តង់ដារស៊ើបអង្កេត សម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់

ភ្នំពេញ: មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់ បាន ទទួល ការបណ្តុះបណ្តាល ពីគោលការណ៍ណែនាំស្តី ពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុ វត្តច្បាប់នៃអង្គភាពចំណុះក្រសួង។
ការបណ្តុះបណ្តាលនេះ ធ្វើឡើង នាថ្ងៃទី ៦ ខែធ្នូ ដែល ដឹកនាំដោយឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទីសំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។លោក មានប្រសាសន៍ថា ៖ «ការបណ្តុះបណ្តាលនេះមានសារៈសំខា់ណាស់ ក្នុង ការពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ»។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។
យោងតាមក្រសួង បរិស្ថាន បានឱ្យដឹងថា ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពី តំបន់ ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធី ប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។
មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញ ថាបទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ឆ្លៀតឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួង បរិស្ថានរូបនេះ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែល ចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។
ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្ត ច្បាប់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួល ខុសត្រូវនិងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងជាពិសេស ទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
ឆ្លៀត ក្នុង ឱកាសនៃ ការជួបជុំនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា ក្រោមសុខសន្តិភាព និងស្ថិរភាពនយោបាយ និងការការពារ អភិរក្សធនធានធម្មជាតិល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូនផងដែរ។
លោកបានថ្លែងថា ៖ « នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជា នាពេលបច្ចុប្បន្ន បានទទួល ចំណូលពីការ អភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបាន ប្រាក់ចំណូលមកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារ និងអភិរក្សព្រៃឈើរបស់ខ្លួនក្រោម ទិសស្លោកថា រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
ការណ៍ដែលកម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើ ឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយ យុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់បន្ថែម៕
ដោយ:ហោ សុខវិទ្យា

ads banner