អភិបាលរងខេត្ត ជំរុញដល់មន្ទីរស្ថាប័នពាក់ព័ន្ធពិនិត្យលើគម្រោងណាមួយដែលអង្គភាពរបស់ខ្លួនបានគ្រោងទុកសម្រាប់ការអនុវត្តនៅថ្នាក់ឃុំ/ស្រុក ស្របតាមធនធានស្ថាប័នរបស់ខ្លួន

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានស្នើ និងជំរុញដល់មន្ទីរស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ពិនិត្យលើគម្រោងណាមួយដែលអង្គភាពរបស់ខ្លួនបានគ្រោងទុកសម្រាប់ការអនុវត្តនៅថ្នាក់ឃុំ/ស្រុកស្របតាមធនធានស្ថាប័នរបស់ខ្លួន និងត្រូវពិនិត្យឡើងវិញនូវបទពិសោធន៍នៃការគាំទ្រ និងអនុវត្តគម្រោងនានានៅឆ្នាំកន្លងមកទៅតាមនីតិវិធីដែនបានធ្វើបច្ចុប្បន្នភាព ។

ការថ្លែងជំរុញនេះ ធ្វើឡើងនៅស្រុកបុរីអូរស្វាយសែនជ័យ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនីយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) ថ្នាក់ស្រុក និងមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពស្ថាប័ន អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការចូលរួមគាំទ្រពីសំណាក់មន្ទីរស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូរឯកជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានឃុំ/សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព ។

លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ថ្នាក់ស្រុកធ្វើឡើងនាពេលនេះ គឺមានកិច្ចសហការរវាងរដ្ឋបាលស្រុក និងមន្ទីរផែនការខេត្ត ដែលមានគោលបំណងបង្ហាញពីផែនការអទិភាពរបស់ឃុំ/ស្រុកសម្រាប់ការអភិវឌ្ឍន៍ និងគៀងគរកដៃគូរអភិវឌ្ឍន៍ចូលរួមគាំទ្រផែនការសម្មភាពអទិភាពរបស់ឃុំ/ស្រុកដែលបានដាក់ចេញ ។ កម្មវិធីនេះ ក៏ជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់មន្ទីរស្ថាប័នជំនាញ និងអង្គការដៃគូរអភិវឌ្ឍន៍ ក៏ដូចជាសប្បុរសជន និងក្រុមហ៊ុនឯកជន ឲ្យចូលរួមគាំទ្រដល់ផែនការអទិភាពរបស់ឃុំ/ស្រុក ដើម្បីឲ្យស្រុកមួយនេះកាន់តែមានភាពរីកចម្រើន ៕ ដេង ម៉ាវិន

ads banner