ក្រសួងហិរញ្ញវត្ថុវៀតណាមចង់បន្តកាត់ពន្ធបរិស្ថានលើប្រេងឥន្ធនៈនៅឆ្នាំ២០២៣
ហាណូយ៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាមកំពុងស្វែងរកការរក្សា ការបន្ធូរបន្ថយពន្ធបរិស្ថានលើប្រេងសាំង នៅតម្លៃ ១.០០០ដុងក្នុងមួយលីត្រ (០.០៤២ដុល្លារ) ពេញមួយឆ្នាំក្រោយ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងអតិផរណា។
ក្រសួងថា កំពុងប្រមូលមតិយោបល់ពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធលើសំណើរក្សាពន្ធដូចឆ្នាំនេះ ដែលត្រូវបានកាត់បន្ថយ ៧៥% ចាប់តាំងពីខែមិថុនា ចំពេលដែលតម្លៃលក់រាយប្រេងសាំងឡើងថ្លៃ។ ក្រសួងចង់ឲ្យពន្ធលើប្រេងម៉ាស៊ូតនៅដដែល ក្នុងតម្លៃ ៥០០ដុង ក្នុងមួយលីត្រ ហើយពន្ធនឹងត្រឡប់ទៅកម្រិតដើមវិញនៅឆ្នាំ២០២៤។
ក្រសួងព្យាករថា តម្លៃប្រេងជាមធ្យមនៅឆ្នាំក្រោយនឹងមានតម្លៃ ពី៩៥ ទៅដល់១០៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១២-២០% ធៀបនឹងឆ្នាំនេះ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ អតិផរណាត្រូវបានរំពឹងថា នឹងកើនឡើង នៅឆ្នាំក្រោយ។ រដ្ឋសភា កាលពីខែមុន បានកំណត់គោលដៅសម្រាប់រដ្ឋាភិបាលក្នុងការរក្សាអតិផរណាឱ្យនៅក្រោម ៤.៥% នៅឆ្នាំក្រោយ កើនឡើង ០.៥% ពីគោលដៅ នៅឆ្នាំនេះ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សភាជាតិរបស់ប្រទេសវៀតណាម បានអនុម័ត នូវផែនការកាត់បន្ថយពន្ធបរិស្ថានលើឥន្ធនៈចំនួនពាក់កណ្តាល ជាលើកទីពីរ ក្នុងរយៈពេលបីខែ ខណៈដែលការកើនឡើងនៃតម្លៃថាមពលបានដាក់សម្ពាធលើអតិផរណា។
ពន្ធបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយពាក់កណ្តាលមកត្រឹម ១០០០ ដុង (០,០៤២៨ ដុល្លារ) ក្នុងមួយលីត្រ និង ៥០០ ដុងក្នុងមួយលីត្ររៀងគ្នា។ ចំណែក ពន្ធលើឥន្ធនៈយន្តហោះនឹងត្រូវកាត់បន្ថយចំនួន ៥០០ ដុង មកនៅតម្លៃ ១០០០ ដុងក្នុងមួយលីត្រ ខណៈពន្ធលើប្រេងកាតនឹងរក្សានៅ ៣០០ ដុងក្នុងមួយលីត្រ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត