មន្ត្រីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា អង្គការ សមាគម និងសហគមន៍ ជាផ្នែកមួយនៃការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល( វ.ស.ស) ឯកឧត្តម រ័ត្ន វិសិដ្ឋ បានលើកឡើងថា ការចូលរួមជាសមាជិកដៃគូសហប្រតិបត្តិការពីបណ្តាញអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ គឺជាការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តម រ័ត្ន វិសិដ្ឋ ថ្លែងឡើងដូច្នេះក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ពន្ធ័សង្គមស៊ីវិលក្រោមការចូលរួមពីអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្ត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ។

លោក សាខុន ប៉ូរិន អគ្គលេខាធិការរ នៃអគ្គលេខាធិការដ្ឋានវេទិកាសម្ពន្ធ័សង្គមស៊ីវិល បានលើកឡើងថាការប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការនេះគឺក្នុងគោលបំណងចូលរួមចំណែកដល់ការផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ស្ពឺបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។

ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ក៏ដូចជាត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕ ម៉ុន សំអាត

ads banner