កម្ពុជាមានសត្វទន្សោងរស់នៅច្រើនជាងគេនៅលើពិភពលោក

ភ្នំពេញ៖ ប្រទេសកម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤.០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសយងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០២២ថា៖ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។

សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ពួកវាចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១ទៅ២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្ដងទៀត ក្រោយពេលកើតកូនបាន២ខែ។

សត្វទន្សោង ជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្ន សត្វប្រភេទមានដោយកម្រ ហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ ៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner