ក្នុងខែធ្នូនេះ គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅទី១៦ ខែធ្នូ ឆ្នាំ២០២២។

តាមសេក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី ៥ ខែវិច្ឆិកាឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងមានការ ចូលរួមពីភាគីពាក់ព័ន្ធដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញការ ភ្នាក់ងារចៃកា(JICA) ។

ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានធ្វើឡើង (គ.ជ.ប) កត់សម្គាល់ឃើញមានប្រតិកម្ម និងកង្វល់របស់គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចថ្លែងថា គណបក្សហ្វ៊ុន ក៏នឹងចូលរួមតាមការអញ្ជើញរបស់គ.ជ.ប ។ គណបក្សយល់ឃើញថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគ.ជ.ប រៀបចំនេះគឹមិនមានអ្វីកែប្រែនោះទេ។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា កាលពីកន្លងមក គណបក្សភ្លើងទៀនបានស្នើរសុំដាក់បញ្ចូលនូវអនុសាសន៍កែប្រែលើចំណុចមួយចំនួននៃសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ។

លោកបន្តថា ការស្នើសុំនេះ នេះគឺដើម្បីធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តធម៌ តាមគោលការណ៍នៃប្រជាធិបតេយ្យសេរីពហុបក្ស ដែល គ.ជ.ប មានសមត្ថកិច្ច ត្រូវអនុវត្ត ដោយឯករាជ្យ អព្យាក្រិត ស្មើភាពគ្នា និងបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត ស្របតាមច្បាប់កំណត់ ។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ថ្លែងថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖ ទី១- ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ទី២- បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និង ទី៣- គោលការណ៍ទំនើបកម្មនិងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោកបន្តថា ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ។

ទោះយ៉ាងណាលោកស្វាគមន៍ចំពោះមតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងធ្វើការពិនិត្យ និងពិចារណាលើរាល់មតិយោបល់ដែលបានលើកឡើង ដោយផ្អែកលើស្មារតីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។ ជាពិសេស នៅថ្ងៃទី ១៦ ខែ ធ្នូ ខាងមុខ នេះ គជប នឹងបើកិច្ចប្រជុំ ដើម្បីនឹងជំរាបជូនដល់ភាគីពាក់ព័ន្ធ ចំពោះការទទួលយក ឬមិនទទួលយកចំពោះសំណើររបស់ភាគីពាក់ព័ន្ធដែលបានផ្ញើមកគជប កន្លងមក។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី ថ្លែងថា គ.ជ.ប គួរពិចារណាយកមតិរបស់តំណាងគណបក្សនយោបាយ និងអង្គការស៊ីវិល ដែលស្នើឱ្យកែប្រែខ្លឹមសារ ឬធ្វើវិសោធនកម្មសេចក្តីព្រាងបទបញ្ជា និងនីតិវិធី ដើម្បីចៀសវាងការរិះគន់អំឡុងពេល និងក្រោយបោះឆ្នោត៕ ដោយ៖ យុទ្ធ វីរៈ

ads banner