អ្នកជំនាញការអាយស៊ីស៊ី -អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យបញ្ហាប្រឈម និងការដ្ឋានសំណង់បុរាណ ក្នុងរមណីដ្ឋានអង្គរ មុនបើកកិច្ចប្រជុំផ្លូវការ

សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកជំនាញការអាយស៊ីស៊ី អង្គរ ICC Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា បានចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គ។ បេសសកម្មនេះ ធ្វើឡើងចំនួន ៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីប្រមូលទិន្នន័យពីបញ្ហាប្រឈមដាក់ពិភាក្សាគ្នា នៅកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។

ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមការងារដែលបានចុះពិនិត្យនេះ រួមមាននៅក្លោងទ្វារតាកៅនៃក្រុងប្រាសាទបាយ័ន ប្រាសាទទ្រមូង ប្រាសាទអង្គរធំ និងប្រាសាទបុរាណជាច្រើនទៀត។

ឯកឧត្ដម បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាព និងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញ រចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វៃចំណាស់នេះ ក្នុងន័យ ដើម្បីផ្ដល់អនុសាសន៍មួយចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឋន៍ ក្នុងការដ្ឋាននៃរមណីដ្ឋានអង្គរ និងដើម្បីងាយស្រួលក្រុមការងារអភិរក្ស និងអភិវឌ្ឍឱ្យមានភាពល្អប្រសើឡើងវិញ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត ដែលប្រព្រឹតទៅនៅពាក់កណ្ដាលខែធ្នឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់រយ:ពេល ២ដង ក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំងជាអ្នកសម្របសម្រួល ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner