ឯកឧត្តម វ៉ាត់ ចំរើន៖ ៥ឆ្នាំទៀតទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរនឹងក្លាយជាមេដែកឆកយកទេសចរណ៍កីឡាចូលមកកម្ពុជារាប់ម៉ឺននាក់
ភ្នំពេញៈ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានះអាងថា ទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរ ទាំងរត់ពាក់កណ្តាលម៉ារ៉ាតុង និងFULLម៉ារ៉ាតុង ដែលរៀបចំនៅខេត្តសៀមរាប អស់រយៈពេល២៧ឆ្នាំកន្លងមកនេះ បានរួមចំណែកស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់អង្គរវត្តយ៉ាងច្រើន ដែលជួយដល់សេដ្ឋកិច្ចខេត្តសៀមរាបតាមរយៈការមកស្នាក់នៅហូបចុកក្នុងអំឡុងមកចូលរួមក្នុងព្រឹត្តិការណ៍។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជក់ថា ទេសចរណ៍និងកីឡាគឺជារបទថ្មីមួយរបស់ពិភពលោកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពីព្រោះថា ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍ ដែលនៅលើពិភពលោកអាចទាក់ទាញបានទេសចរណ៍ប្រមាណ១២ទៅ១៥លាននាក់ក្នុង១ឆ្នាំៗពួកគេទៅគ្រប់ទីកន្លែងនៅលើពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ ក៏មានចំនួនភ្ញៀវទេសចរណ៍ចន្លោះ១០ទៅ១៥%ដែរ ដែលជាភ្ញៀវទេសចរណ៍កីឡា។
អគ្គលេខាធិការរូបនេះ បន្តទៀតថា ក្នុងរយៈពេល២៧ឆ្នាំនៃការបង្កើតទិវារត់ម៉ារ៉ាតុងនៅទឹកដីអង្គរខេត្តសៀមរាប បានរួមចំណែកទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តច្រើនណាស់ ដែលជួយផ្តល់កម្រៃជាថវិកាជាច្រើនដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប។
ឯកឧត្តម បានព្យាករណ៍ថា ទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរនេះ ប្រមាណជា៥ឆ្នាំទៅមុខទៀត វានឹងក្លាយជាមេដែកឆកយកភ្ញៀវទេសចរណ៍កីឡាមកកាន់ទឹកដីអង្គរខេត្តសៀមរាបរាប់ម៉ឺននាក់ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៧ កន្លងទៅថ្មីនេះទាក់ទាញបានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង៧ពាន់នាក់ ក្នុងនោះភ្ញៀវអន្តរជាតិជិត២០០០នាក់ ដោយសហរដ្ឋអាមេរិកមានច្រើនជាងគេ អង់គ្លេសលំដាប់ទី២ និងភ្ញៀវមកពីប្រទេសបារាំងជាប់លំដាប់ទី៣៕
អត្ថបទ៖ ជាវ ចន្ធូ