សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នៅ រាជធានីភ្នំពេញ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ថ្លែងថា រយៈពេល ១១ខែ ឆ្នាំ២០២២ កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នូវតែមានសភាពធ្ងន់ធ្ងរមានការកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះរាជធានីភ្នំពេញ មានការកើតឡើងករណីគ្រោះថ្នាក់សរុបចំនួន ៩០៣លើក បើប្រៀធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់មានចំនួនត្រឹមតែ ៧៤១លើកប៉ុណ្ណោះ ដូច្នេះកំណើនគ្រោះថ្នាក់ គឺកើនឡើង ១៦២លើក ស្មើនឹង ២២ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៦១នាក់ កើនឡើង ៩នាក់ រងរបួសធ្ងន់ ៨៩៦នាក់ កើនឡើង ២២១នាក់ រងរបួសស្រាល ២២៩នាក់ កើនឡើង ៤២នាក់ ខូចខាតរថយន្ដ ម៉ូតូ និងយានយន្ដផ្សេងៗទៀតចំនួន ១.៦៤៦គ្រឿង និងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផងដែរ ។
សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិកំពុងតែទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈក៏ដូចជាវិស័យផ្សេងៗទៀត ពិសេសការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាសកល គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមានឡើង និងបានបន្ថែមនូវបន្ទុកដល់សង្គមជាតិ។ ហេតុនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសតាំងពីឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន “យកវិធានការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកជាអាទិភាព” ក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនោះ បានសម្រេចធ្វើវិសោធនកម្ម អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់រហូតមកដល់ពេលនេះអាចកំណត់បានថា ការរឹតបន្តឹងអនុវត្តច្បាប់បានទទួលលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយហេតុការណ៍ គ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសពីគ្រោះថ្នាក់ដ៏រ៉ាំរ៉ៃនេះ។
សម្ដេចក្រឡាហោម បន្ថែមថា ជាមួយគ្នានេះ ស្មារតីនៃការគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវកាន់តែមានការប្រែប្រួលជាវិជ្ជមាន ដោយបានកាត់បន្ថយអំពើល្មើសដែលត្រូវពិន័យជាប្រាក់ពីចំនួនមធ្យម ២.០០០ករណី ក្នុងមួយថ្ងៃ នៅឆ្នាំ២០២០ មកនៅត្រឹមជាមធ្យមក្នុងមួយថ្ងៃចំនួន៣០០ករណី នៅឆ្នាំ២០២២នេះ ។
ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមាន សមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែល បានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការរឹតបណ្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការរក្សា សណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗ ជាច្រើនទៀត ទទួល បានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕
ដោយ- រ៉ាវុធ