សម្ដេចក្រឡាហោម ស ខេង ណែនាំដល់ក្រុមហ៊ុនទទួលបន្ទុក និងក្រសួងសាធារណការ ត្រូវសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាន នូវការកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿននេះ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះឱ្យបានទាបបំផុត ។

សម្តេចក្រឡាហោម ស ខេង បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ។

សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង ចាប់ផ្តើមពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។

សម្ដេចក្រឡាហោម បន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។ សម្ដេច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជា៖ ការបញ្ជាយានយន្ត ដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner