លោកមេធាវី គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានចាត់តាំងមេធាវីស្ម័គ្រចិត្តចំនួន៤រូប ចុះការពារស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ លោកមេធាវី គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានបញ្ជាក់ថា លោកបានចាត់តាំងមេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ដែល ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់ ធ្ងន់ធ្ងរ។
គួររំលឹក ថា កាលពីម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 ពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ភាគីរថយន្តម៉ាក ជាជនបង្ក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២២)។
ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា២នាក់ ទី១៖ ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២៖ ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ ។
ក្នុងរឿងរ៉ាវខាងលេីនេះនៅមិនទាន់បញ្ចប់នោះទេ ខណៈប្រជាពលរដ្ឋ ឬអ្នកច្បាប់បានលេីកឡេីងថា អំពើល្មើសខាងលើ ជនបង្កជាប់ទោសពី 2ឆ្នាំ ទៅ5ឆ្នាំ ពិន័យជាប្រាក់ ពី 10លាន ទៅ 25លាន និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយរឺច្រើនថែមទៀត ក្នុងមាត្រា53 នៃក្រមព្រហ្មទណ្ឌ។
អ្នកខ្លះលេីកឡេីងទៀតថា, បើកបរដោយស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ហើយ ដោះស្រាយបញ្ហាដោយសំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿងគឺ ជាសារ មួយជំរុញលើកទឹកចិត្តដល់ជនល្មើសផ្សេងទៀតបន្តសកម្មភាពដដែលៗ ដោយមិនមានភាពភ័យខ្លាច។ ស្ថាប័នពាក់ពន្ធ័គួរត្រូវបានសិក្សា និងស្វែងរកវិធានការជាក់លាក់មួយ ដើម្បីការពារសុវត្ថិភាព និងយុត្តិធម៌សង្គម ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី