កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហការថែមទៀតដើម្បីក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឆ្នាំ២០២៣
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន យល់ស្របគ្នា រៀបចំសកម្មភាពមួយចំនួនពង្រឹងកិច្ចសហប្រតិបត្តិការ ឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។ កាប្ដេជ្ញាចិត្តថែមទៀតនេះធ្វើឡើងក្នុងជំនួបមុនបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជារបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ដើម្បីសម្តែងការគួរសម្យ និងជម្រាបលា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលនឹងចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងរវាងប្រជាជន និងប្រជាជន ខណៈភាគីទាំងពីរបានឯកភាពលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់ សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការ បង្កើតទំនាក់ទំនងការទូត ។
ប្រភពដដែលបន្តថាលោក បានកោតសរសើរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា ៖« បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ»។
ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ កន្លងទៅថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយ ជោគជ័យរបស់កម្ពុជា ដែលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងអំណរគុណ ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលបានចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានិងចំពោះការគាំទ្ររបស់ជប៉ុនដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយជំងឺកូវីដ១៩ របស់កម្ពុជា។
សេចក្តីប្រកាសដដែបន្តថា៖« កម្ពុជា និងជប៉ុន បានយល់ស្របគ្នា រៀបចំសកម្មភាពមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៧០ ហើយក្នុងន័យនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែមករាឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុន»។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ ឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេស ការរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ(KISHIDA Fumio) មកកាន់កម្ពុជា កាលពីខែមីនាឆ្នាំនេះ ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា សម្រាប់ទំនាក់ទំនងកម្ពុជា និងជប៉ុន មានលក្ខណៈល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានរកាំរកូសឡើយជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាជន និងប្រជាជន។
លោកថ្លែងថា៖«ទំនាក់ទំនេះ បង្ហាញឱ្យឃើញថា ប្រទេសទាំងពីកាន់តែមានលក្ខណៈស៊ីជម្រៅគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ គ្រប់កម្រិត ហើយវាក៏បង្ហាញឱ្យឃើញអំពីតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ»។
សូមជម្រាបថា គិតត្រឹមរយៈពេលក្នុងមួយខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងជាង ៣៥ ដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា ក្រោមគ្រោងការណ៍សហប្រតិបត្តិការ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ។
ក្នុងនោះទឹកប្រាក់ ជាង ១៧ម៉ឺនដុល្លារ សម្រាប់សាងសង់អាគារសិក្សា នៅខេត្តបាត់ដំបង និងខេត្តកោះកុង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចំណែកទឹកប្រាក់ជាង១៨ ផ្សេងទៀត សម្រាប់ជួយលើគម្រោងសាងសង់ស្ពាន នៅខេត្តកំពង់ស្ពឺ និងគម្រោងស្តារប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ចាម ផងដែរ៕
ដោយ៖ឡាយ សាមាន