មេ​ដឹក​នាំ​ចិន​លោក​ ស៊ី​ ជីងពីង គ្រោង​​ធ្វើ​​ទស្សនកិច្ច​​​ទៅ​អារ៉ាប៊ីសាអូឌី ចំ​ពេល​មាន​​ទំនាក់​ទំនង​តាន​តឹង​ជាមួយ​អាមេរិក​ ​​

ចិន ៖ ប្រធានា​ធិបតី​ចិន​ លោក​ ស៊ី ជិនពីង​ គ្រោង​នឹង​ធ្វើ​ដំណើរ​​ទស្សនកិច្ចផ្លូវ​រដ្ឋ​ចំនួន​ពីរ​ថ្ងៃ​​​ទៅ​​អារ៉ាប៊ីសាអូឌីត​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​​តាន​តឹង​ជាមួយ​សហរដ្ឋ​​​អាមេរិក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​ៗ​រួម​ទាំង​កាសែត​Financial Times  និង​​បណ្ដាញ​ព័ត៌មាន​ CNN ដែល​ស្រង់​សម្ដី​ប្រភព​ការ​ទូត​ និង​មន្រ្តី​ជាន់​ខ្ពស់​អារ៉ាប់​ ​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​០៥ ខែ​ធ្នូ​នេះ​។

​លោក ស៊ី​ នឹង​ជួប​ជាមួយ​​ព្រះ​បាទ​​​​ Salman bin Abdulaziz al-Saud ​និង​ព្រះអង្គ​ម្ចាស់​រជ្ជទាយាន​​ Mohammed bin Salman ​ក្នុង​​ទី​ក្រុង​រីយ៉ាដ​ ​​និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​​ចិន-​អារ៉ាប់ និងកិច្ច​ប្រជុំ​​​​ចិន-​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស ​​​ជាមួយ​​មេ​ដឹក​នាំ​អារ៉ាប់​ ​និង​​​​មេដឹក​នាំ​នៃ​បណ្ដា​ប្រទេស​​ឈូង​សមុទ្រ​ពែក្ស​​។

ទាំង​​ប៉េកាំង​ និង​ក្រុង​រីយ៉ាដ​ ​​​​​​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ជំនួប​​រវាង​មេដឹក​នាំ​ចិន​ និង​​រាជវង្ស​អារ៉ាប៊ីសាអូឌីត​​នោះ​​ទេ​ ប៉ុន្តែ​ប្រទេស​ទាំង​​២​អាច​​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ចាប់​ពី​ពាណិជ្ជកម្ម​សេរី​រហូត​ដល់​ថាមពល​នុយក្លេអ៊ែរ​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Financial Times ។

គួរ​បញ្ជាក់​ថា​ ពាក្យ​ចចាម​អារ៉ាម​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​​​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ បាន​ផ្ទុះ​ឡើង​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ​និង​ចិន​ ជា​ផ្លូវ​ការ​​នៅ​ឡើយ​ទេ​។​

​ការ​រាយការណ៍​ពី​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ចិន​ ធ្វើ​ឡើង​ចំពេល​​ដែល​​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន​លើ​ទំនាក់​ទំនង​ការទូត​រវាង​​សហរដ្ឋ​អាមេរិក​ ​ទល់​នឹង​ចិន​ និង​​​អារ៉ាប៊ីសាអូឌីត​។

ដំណើរ​ទស្សនកិច្ច​នេះ​ ​ក៏​ធ្វើ​ឡើង​ផង​ដែរ​ ប្រមាណ​ជា​ប្រាំខែ​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​ ថ្លែង​ទៅ​កាន់​មេដឹកនាំ​អារ៉ាប់​​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​​ទីក្រុង​រីយ៉ាដ​កាល​ពី​ខែ​កក្កដា​ថា​ អាមេរិក​នឹង​មិន​ទៅ​ណា​ចោល​​មជ្ឈិម​បូព៌ា​ ហើយ​ទុក​ឱ្យ​​រុស្ស៊ី​ អ៊ីរ៉ង់​ និង​ចិន​ ដាក់​វត្តមាន​របស់​ខ្លួន​ជំនួស​នោះ​ទេ​។

​​ប៉ុន្តែ​នា​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ និងអារ៉ាប៊ីសាអូឌីត ​កំពុង​តែ​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដ៏​ក្តៅ​គគុក​លើ​ការ​ផលិត​ប្រេង​ ដែល​​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​ខែ​តុលា​ បន្ទាប់​ពី​​អង្គការ​នៃ​ក្រុម​​ប្រទេស​នាំ​​ចេញ​ប្រេង​​ហៅ​កាត់​ថា​​​អូប៉ិច​បូក​ (OPEC+)​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ​​បាន​កាត់​បន្ថយ​ទិន្នផល​​ប្រេង​​ត្រឹម​២​លាន​បារ៉ែល​/ថ្ងៃ​​​ ​​ដើម្បី​​ឱ្យ​តម្លៃ​ប្រេង​មាន​​ស្ថិរភាព​​។​ ការ​​សម្រេច​​ចិត្ត​​នេះ​ រង​​នូវ​ការ​រិះ​គន់​ការ​ទូត​​យ៉ាង​ធ្ងន់​ធ្ងរ​ពី​រដ្ឋបាល​​បៃដិន​ ដែល​ព្យាយាម​​បន្ថយ​តម្លៃ​ថាម​ពល​​សកល​ និង​ក្នុង​ស្រុក​ ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​នៃ​អតិផរណា​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​ខ្ពស់​។ ​​

​អារ៉ាប៊ីសាអូឌីត​ ដែល​​​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​របស់​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​​៨​ទសវត្សរ៍​មក​ហើយ​នោះ​ ​​បាន​ក្លាយ​ទៅ​ជា​ជូរ​ចត់​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា​ កំពុង​បាត់​បង់​វត្តមាន​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ ជា​ពិសេស​ចំ​ពេល​មាន​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​អ៊ីរ៉ង់​ និង​​កង​កម្លាំង​ប្រូកស៊ី​របស់​ប្រទេស​នេះ​នៅ​យេម៉ែន​​។

ចំពោះ​ចិន​វិញ​ វា​ហាក់​ដូច​ជា​​ជួយ​ដល់​​ការ​ប្រកួត​ប្រជែង​​បន្សាយ​ឥទ្ធិពល​​​​មួយ​របស់​ខ្លួន​លើ​តំបន់​ ព្រោះ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ ទៅ​​មជ្ឈិម​បូព៌ា​​​នា​ពេល​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចិន​ នៅ​តែ​មាន​ជម្លោះ​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​កោះ​តៃវ៉ាន់​ ដែល​លោក​ បៃដិន​ បាន​សន្យា​ការពារ​ជា​ដាច់​ខាត​ប្រសិន​បើ​ចិន​ឈ្លាន​ពាន​។ ​ ​​

​ខណៈ​ដែល​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​​ឈូង​សមុទ្រ​ពែក្ស​អារ៉ាប់​ បាន​ចោទ​ប្រកាន់​ក្រុង​វ៉ាស៊ីនតោន​ថា ​បាន​​បរាជ័យ​លើ​​ការ​ធានា​សន្តិសុខ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ប្រទេស​ចិន​បាន​និង​កំពុង​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​លើ​បណ្ដា​ប្រទេស​ទាំង​នោះ​ ក៏​ដូច​ជា​ជាមួយ​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ ពោល​គឺ​អ៊ីរ៉ង់​ និង​រុស្ស៊ី​។​​

ចំណុច​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ ​ទាំង​ចិន​ និង​អារ៉ាប៊ីសាអូឌីត​ ក៏​បាន​ប្រកាន់​ជំហរ​ផ្សេង​គ្នា​ចំពោះ​លោក​ខាង​លិច​ទាក់​ទង​នឹង​សង្រ្គាម​អ៊ុយក្រែន​។​ ​ប្រទេស​​ទាំង​​២​បាន​បដិសេធ​មិន​យល់​ព្រម​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ហើយ​ទីក្រុង​រីយ៉ាដ​​បាន​រក្សា​​​ជំហរ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ក្រុង​ម៉ូស្គូ​គឺ​ជា​ដៃ​គូ​ផលិត​ថាមពល​ដ៏​សំខាន់​ដែល​ត្រូវ​តែ​ពិគ្រោះ​លើ​ការ​សម្រេច​ចិត្ត​របស់​​អង្គការ​អូប៉ិច​បូក​។

​ក្រោយ​ការ​សម្រេច​​កាត់​បន្ថយ​ផលិត​កម្ម​ប្រេង​ចូល​ជា​ធរមាន​​នៅ​ដើម​ខែ​វិច្ឆិកា​មក​ ​​មន្ត្រី​អាមេរិក​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​អារ៉ាប៊ីសាអូឌីត​ថា​បាន​ចូល​ដៃ​ជាមួយ​រុស្ស៊ី​ និង​ជួយ​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ​ ពូទីន​ ក្នុង​សង្គ្រាមឈ្លាន​​ពាន​​អ៊ុយក្រែន​។ យ៉ាង​​ណា​មិញ​ ​មន្ត្រី​​អារ៉ាប៊ីសាអូឌីត​​បាន​​បដិសេធ​​ទាំង​​ការ​​​បញ្ហា​ប្រេង​ធ្វើ​ជា​អាវុធ​ ឬ​​​ចូល​ដៃ​ចូល​ជើង​ជាមួយ​​រុស្ស៊ី​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ បៃដិន​ បាន​លើក​ឡើង​​​​កាល​ពី​ខែ​តុលា​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​តែ​​គិត​គូ​ឡើង​វិញ​​ចំពោះ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​អារ៉ាប៊ីសាអូឌីត​​ ដែល​លោក​​ហាក់​ដូច​ជា​បាន​ព្យាយាម​ជួស​ជុល​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​រីយ៉ាដ​​កាល​ពី​ខែ​កក្កដា​។ មុន​ដំណើរ​ទស្សនកិច្ច​លើក​នោះ​ លោក​ បៃដិន​ ​បាន​ប្តេជ្ញា​​ដាក់​ប្រទេសអារ៉ាប៊ីសាអូឌីត​ឱ្យ​នៅ​ឯកោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ជុំ​វិញ​ការ​សម្លាប់​អ្នក​កាសែត​​អារ៉ាប៊ីសាអូឌីត​ លោក​ Jamal Khashoggi ក្នុង​ឆ្នាំ​ ២០១៨​​៕

ដោយ៖ហួន ឌីណា

ប្រភព៖ China’s Xi to visit Saudi Arabia, sources say, amid frayed ties with the US

China steps on Washington’s toes as Xi heads to Saudi Arabia

ads banner