ពន្ធដារប្ដេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថែមទៀតដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារប្ដេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការប្រមូលពន្ធ នេះបើតាមមន្រ្តីប្រសាសន៍របស់លោកគង់វិបុលអគ្គនាយកពន្ធដារ ដែលថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)រវាងពន្ធដារកម្ពុជានិងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង កាលថ្ងៃទី៦ ធ្នូ ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះអង្គភាពពន្ធដារនិងដៃគូរពាក់ព័ន្ធបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។
លោកថា ៖«ចាប់ពីឆ្នាំ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបាន ៥២ប្រព័ន្ធ និង ១៩កម្មវិធី ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ និងកម្មវិធីទាំងនោះជាបន្តបន្ទាប់»។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ទៀតថា៖« ការជំរុញអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានធ្វើឱ្យមានជោគជ័យលើការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ដោយគិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សរុបចំនួន ១២៩.៨០ ប៊ីលានរៀល ឬស្នើប្រមាណ ៣២.០៥លានដុល្លារអាមេរិក»។
ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះដែរ ត្រូវបាន លោក KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន តាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅរបស់អង្គភាពពន្ធដារ ដែលលទ្ធផលនៃបេសកកម្ម ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់ បានកំណត់ផងដែរ។
លោកសន្យាថា ៖«នឹងជួយចែករំលែកនូវបទពិសោធន៍ ក្នុងនោះមានការធ្វើទំនើបកម្មពន្ធដារជាប្រចាំ ដែលពន្ធដារកូរ៉េបានអនុវត្តដោយជោគជ័យផងដែរ ដើម្បីជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ អាចយកបទពិសោធន៍ទាំងអស់នោះ មករៀបចំកែទម្រង់រដ្ឋបាលសារពើពន្ធ ជាពិសេសអភិវឌ្ឍផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យកាន់តែរឹងមាំថែមទៀត»។
របាយការណ៍របស់ពន្ធដារបង្ហាញថា រយៈពេល១០ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១១ ៩៣១.១១ប៊ីលានរៀល (ប្រមាណជា ២ ៩៤៥.៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៥៣០.០៧ ប៊ីលានរៀល (ប្រមាណជា ៦២៤,៣១ លានដុល្លារ) ស្មើនឹង ២៦.៩៤ភាគរយ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៦ ខែធ្នូ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើ កិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), (២). ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI)និងការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ ព្រមទាំង ការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។ តាមរយៈអនុស្សរណៈទាំងអស់ភាគីកូរ៉េ បានរំពឹងទុកថា នឹងរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េ បាននិងកំពុងជួបប្រទះនាពេលកន្លងមក ខណៈភាគីកម្ពុជា ក៏រំពឹងទុកថា ចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥ភាគរយ ឬលើសពីនេះធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ពិសេសជួយជំរុញការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានលើវិស័យពន្ធដារកម្ពុជា ឱ្យកាន់តែទំនើបកម្ម ៕
ដោយ៖ បូរ ពេជ្រហ្សាលីន