អាមេរិក អូស្ត្រាលី អញ្ជើញជប៉ុនឱ្យចូលរួមបង្កើនការឆ្លាស់ទ័ពក្នុងសកម្មភាពពង្រឹងយោធាត្រីភាគី

ភ្នំពេញ ៖ សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​ បាន​និយាយ​កាល​ពី​ថ្ងៃ​​អង្គារ​​ទី​ ​៦ ​ខែ​ធ្នូ​​ ថា​ ខ្លួន​​​​នឹង​ស្វាគមន៍​​ឱ្យ​មាន​ការ​ចូល​រួម​ពី​ទាហាន​ជប៉ុន​​​ក្នុង​​​ការ​ឆ្លាស់​ទ័ព​ត្រី​ភាគី​ ដោយ​ប្ដេជ្ញា​​បង្កើត​ទ័ព​ជួរ​មុខ​​​រួម​គ្នា​​​មួយ ​​ដើម្បី​ទប់​ទល់​នឹង​​ការ​ជឿន​លឿន​ខាង​យោធា​ដ៏​ឆាប់​រហ័ស​របស់​ប្រទេស​ចិន​។​

​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ​និង​ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​​លើក​ឡើង​ថា​ ខ្លួន​​បាន​យល់​ព្រម​បង្កើន​ល្បឿន​នៃ​អន្តរកម្ម​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ពេល​ពិភាក្សា​ជាមួយ​សមភាគី​នេះ​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោក​ Richard Marles ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ថា​​៖ «​វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​​ធ្វើ​កិច្ចការ​នេះ​​តាម​ទស្សនៈ​នៃ​ការ​ផ្តល់​តុល្យភាពនិង​ការ​ចូល​រួម​ពី​ប្រទេស​ដទៃ​ទៀត​​ក្នុង​តំបន់​របស់​យើង​ ហើយ​យើង​ទន្ទឹង​រង់​ចាំមើល​ ​ដើម្បី​អាច​ឱ្យ​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ពី​​​​ជប៉ុន​»​ ។ ​លោក​ Marles បាន​​ថ្លែង​បន្ត​​​ថា​​៖ «​យើង​អាច​ទៅ​​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ​ ​ហើយ​នឹង​អញ្ជើញ​​ជប៉ុន​ ​ឱ្យ​ចូល​រួម​ក្នុង​សមយុទ្ធ​បន្ថែម​ទៀត​ជាមួយ​អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក​»​។

​ជាមួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Lloyd Austin ​បាន​​​ថ្លែង​​ថា​ សម្ព័ន្ធ​មិត្ត​នឹង​ស្វែង​រក​ការ​ចូល​រួម​របស់​ជប៉ុន​ក្នុង​ប្រតិបត្តិការ​រួម​គ្នា​នៅ​​អូស្ត្រាលី ​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ឆ្លាស់​កង​​ម៉ារីន​តាំង​ពី​ឆ្នាំ​​ ២០១១ ​នៅ​ទីក្រុង​ Darwin ​ដែល​ជា​ទីក្រុង​យុទ្ធសាស្ត្រ​ភាគ​ខាង​ជើង​អូស្រ្តាលី​ ​ដែល​រង​ការ​វាយ​ប្រហារ​​ពី​ជប៉ុន​ក្នុង​​សម័យ​សង្គ្រាម​លោក​លើក​ទី​​២​។​ លោក​ Austin ​បាន​​បន្ត​ថា​ សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​ បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​បង្កើន​ការ​ឆ្លាស់​​​​​កង​កម្លាំង​​ទម្លាក់​គ្រាប់​បែក​ យន្តហោះ​ចម្បាំង ​និង​ទាហាន​​​ និង​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។​

លោក​ Austin ​បាន​បន្ថែម​​ទៀត​ថា​៖ «​យើង​បាន​យល់​ព្រម​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ត្រី​ភាគី​ ​និង​អញ្ជើញ​​ជប៉ុន​ឱ្យ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​គំនិត​ផ្តួច​ផ្តើម​នៃ​កង​កម្លាំង​របស់​យើង​នៅ​​​​អូស្ត្រាលី​»​។

គួរ​គូស​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជាប់​សន្ធិ​សញ្ញា​របស់​សហរដ្ឋ​អាមេរិក​ បាន​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ការ​ទូត​កាន់​តែ​ច្រើន​ឡើង​ជាមួយ​អូស្ត្រាលី ​ក្នុងរយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ​ប៉ុ​​ន្តែ​ទំនាក់​ទំនង​ផ្នែក​ការពារ​ជាតិ​មាន​ភាព​រសើប​ជាង​មុន​ ដោយ​សារ​​តែ​គោល​នយោបាយ​យោធា​​របស់​​​​​​ក្រុង​​តូក្យូ​​​ ​ក្រោយ​​បរាជ័យ​ក្នុង​សង្រ្គាម​លោក​លើក​​ទី​២​។ យ៉ាង​ណា​មិញ​ ​​​កាល​ពី​ខែ​តុលា​ ​ជប៉ុន​ និង​អូស្ត្រាលី​បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ​របស់​ពួក​គេ​ ដោយ​អនុញ្ញាត​ឱ្យ​កងកម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ហ្វឹក​ហាត់​នៅ​ប្រទេស​អូស្ត្រាលី ​និង​​ធ្វើ​ការ​​​​ចែក​រំលែក​ព័ត៌មាន​​​ស៊ើបការណ៍​សម្ងាត់​ជាមួយ​គ្នា​​កាន់​តែ​ច្រើន​។

​​កន្លង​មក​ ​សហរដ្ឋ​អាមេរិក​ អូស្រ្តាលី​ និង​ជប៉ុន​ បាន​​ប្រឹង​ប្រែង​សហការ​ជា​មួយ​គ្នា​ ក្នុង​ការ​ទប់​ទល់​នឹង​ការ​រីក​សាយ​ភាយ​​កាន់​តែ​ខ្លាំង​នៃ​ឥទ្ធិពល​របស់​ចិន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​។ ​ប្រទេស​ទាំង​បី​ក៏​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ផ​ង​ដែរ​​ក្នុង​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ តាម​​រយៈ​សម្ព័ន្ធ​មិត្តសន្តិសុខ​​ទាំង​បួន​ «Quad» ​ដែល​មាន​ឥណ្ឌា​មួយ​ទៀត​ជា​សមាជិក​ ​ដែល​ហាក់​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូល​រួម​ទប់​ទល់​នឹង​ចិន​៕

ដោយ៖ ហួន ឌីណា ប្រភព៖ US, Australia invite Japan to step up troop rotations

ads banner