អង្គការស៊ីម៉ាក់ និងម្ចាស់ជំនួយ ពិភាក្សាលើការបោសសម្អាតមីនចង្កោម និងកៀរគរថវិកាបន្ថែម
ភ្នំពេញ ៖ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់(CMAC) និងគណៈប្រតិភូអង្គការជំនួយប្រជាជនន័រវែស(NPA) ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាលើការបោសសម្អាតគ្រាប់មីនចង្កោម និងការកៀរគរថវិកាបន្ថែម ខណៈគ្រាប់មីនចង្កោមនៅសល់ផ្ទៃជាង ៧០០ គីឡូម៉ែត្រក្រឡាទៀត ដែលកំពុងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Eva Veble ទីប្រឹក្សារបស់អង្គការ NPA មកពីប្រទេសន័រវេស និងលោក Rune Dale-Andresen ប្រធានអង្គការជំនួយប្រជាជនន័រវែស(NPA) ប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហការបន្ថែមទៀតក្នុងវិស័យសកម្មភាពមីន និងកិច្ចប្រតិបត្តិការលើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់សង្គ្រាមនៅកម្ពុជា រវាងអង្គភាពCMAC និងអង្គការNPA ។ ជាពិសេសពង្រឹងយន្តការគ្រប់គ្រងគម្រោងជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលផ្តល់មកអង្គភាពស៊ីម៉ាក់តាមរយ:អង្គការNPA។
លោកមានប្រសាសន៍ថា៖«ការជួបគ្នានោះបានពិភាក្សាច្រើនទៅលើជំនួយរបស់ NPA ដែលបានទទួលជំនួយពីប្រទេសផ្សេងៗជាពិសេសពីសហរដ្ឋអាមេរិក តាមរយៈ NPA ផ្តល់មកឱ្យស៊ីម៉ាក់ ដែលមានថវិកាប្រមាណ ៦,៥លានដុល្លារ ដែលយើងបានធ្វើឆ្នាំនេះ និងបីឆ្នាំ បន្តទៀត។ យើងជជែកគ្នាលើការគ្រប់គ្រងនេះ ហើយការកៀរគរដៃគូបន្ថែម ដែលមានព័ត៌មានវិជ្ជមានមួយចំនួនដែលអាចបង្កើនការផ្តល់ជំនួយ»។ លោកគូសបញ្ជាក់ថាជំនួយជាង ៦ លានដុល្លារ ដែលផ្តល់ឱ្យស៊ីម៉ាក់នេះ គឺប្រើប្រាស់សម្រាប់
រយៈពេល៤៥ខែ ពីឆ្នា ២០២២ ដល់ឆ្នាំ ចុងឆ្នាំ ២០២៥ ដោយដោយក្នុងមួយឆ្នាំស៊ីម៉ាក់ទទួល បាន ១,៦លានដុល្លារ សម្រាប់ការងារបោសសម្អាតគ្រាប់បែកចង្កោម។
លោកថា៖«តាមរយៈជំនួយនេះ នឹងជួយឱ្យស៊ីម៉ាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការជំរុញការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រាប់មីននៅកម្ពុជាឱ្យបានឆាប់ គឺយើងបានរំដោះផ្ទៃដីគ្រាប់បែកចង្កោមតាមផែនការ គឺត្រៀមរំដោះផ្ទៃដីប្រមាណជិត ១០០គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល ៤៤ខែ ហើយមួយឆ្នាំមានន័យថាយើងអាចបោសសម្អាតបានជិត ៣០គីឡូម៉ែត្រ» ។ លោកឱ្យដឹថា សម្រាប់គ្រាប់បែកចង្កោមនៅសល់ជាង៧០០គីឡូម៉ែត្រក្រឡា នៅធំជាងផ្ទៃដីចម្ការមីន។
ឯកឧត្តមបានបន្ថែមថា ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ បានឯកភាពគោលដៅគ្នាធ្វើការបោសសម្អាតសំណល់គ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឥណ្ឌូចិន-អាមេរិក មានអាយុកាល៥០ឆ្នាំ ជាប្រភេទគ្រាប់បែកនៅតែបន្តគ្រោះថ្នាក់ដល់មនុស្ស សត្វ ។ លោកបានសង្កត់ធ្ងន់ថា គ្រាប់បែកចង្កោម បើប្រៀបធៀបជាមួយគ្រាប់មីន ទោះបីមីនមានហានិភ័យខ្ពស់ជាង ងាយផ្ទុះ និងងាយបង្កគ្រោះថ្នាក់ ប៉ុន្តែបើកម្រិតគ្រោះថ្នាក់វិញនោះ គ្រាប់បែកចង្កោមនេះក៏មានហានិភ័យខ្លាំងដែរ ព្រោះបើគ្រាប់បែកចង្កោមផ្ទុះគ្រោះថ្នាក់ច្រើនតែស្លាប់តែម្តង ដោយសារតែកម្លាំងផ្ទុះ និងអំបែងដែកខ្លាំង។
ឯកឧត្តមបានបញ្ជាក់ថា៖« ប៉ុន្តែគ្រាប់មីន មានប្រភេទមីនខ្យល់ ធ្វើឱ្យរបួស និងពិកា បើគ្រាប់បែកចង្កោមបើមានករណីផ្ទុះ គឺត្រូវស្លាប់ហើយ បើរបួសគឺធ្ងន់ធ្ងរ។ អ៊ីចឹងហានិភ័យគ្រាប់បែកចង្កោមនៅមានបន្តគ្រោះថ្នាក់ ប៉ុន្តែកម្រិតគ្រោះថ្នាក់បង្កឱ្យផ្ទុះមានកម្រិតទាបជាងគ្រាប់មីន»។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកអង្គភាពCMAC តាមរយៈអង្គការ NPA មានចំនួនថវិកា ២៩.៩២៥.៥៥៨ ដុល្លារអាមេរិក និងសម្រេចបានលទ្ធផលប្រតិបតិ្តការបោសសម្អាតផ្ទៃដីបានចំនួនជាង ២២ ២០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់គ្រប់ប្រភេទសរុបចំនួន ២២១ ៧៩៣គ្រាប់ និងបានអបរំផ្សព្វផ្សាយយល់ដឹងពីមីនបានចំនួន១ ៣០៤ ២៦០នាក់៕
ដោយ៖ ឡាយ សាមាន