ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមដាក់ឯកសារស្នើ IPO នៅអាមេរិក ដើម្បីពង្រីកទីផ្សារលើពិភពលោក
វៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានឱ្យដឹងនៅថ្ងៃអង្គារទី៦ ខែធ្នូ ថា ខ្លួនបានដាក់ពាក្យស្នើសុំការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) នៅសហរដ្ឋអាមេរិក ដើម្បីចុះបញ្ជីនៅលើផ្សារភាគហ៊ុន Nasdaq ក្រោមនិមិត្តសញ្ញា «VFS» ក្នុងគោលបំណងពង្រីកទីផ្សារលើពិភពលោករបស់ខ្លួន បន្ថែមពីលើគម្រោងសង់រោងចក្រផលិតរថយន្តនៅរដ្ឋ North Carolina ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនដែលចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៩ មួយនេះ កំពុងត្រៀមពង្រីកទីផ្សារសហរដ្ឋអាមេរិក ជាកន្លែងដែលខ្លួនសង្ឃឹមថា នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តជើងចាស់ និងក្រុមហ៊ុនទើបនឹងចាប់ផ្តើមអាជីវកម្មផ្សេងទៀត ដោយដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួន ម៉ាក VF8 និងម៉ាក VF9 រួមទាំងការជួលថ្មដើម្បីកាត់បន្ថយតម្លៃទិញ។
ចំពោះការចុះបញ្ជី IPO ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបំប្លែងទៅជាក្រុមហ៊ុនលីមីធីតសាធារណៈរបស់សិង្ហបុរី ដោយមានឈ្មោះថា VinFast Auto Ltd ខណៈដែលចំនួនភាគហ៊ុនដែលត្រូវផ្តល់ជូន និងតម្លៃសម្រាប់ការផ្តល់ជូនដែលបានស្នើឡើង មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
យោងតាមឯកសារស្នើរបស់ក្រុមហ៊ុន VinFast ដដែល មានក្រុមហ៊ុន និងធនាគារធំៗដូចជា Citigroup Morgan Stanley, Credit Suisse និង JP Morgan ដែលធ្វើការរួមគ្នានៅពីក្រោយកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើជោគជ័យ នោះក្រុមហ៊ុន VinFast នឹងក្លាយជាក្រុមហ៊ុនវៀតណាមតំបូងគេដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក។
ការដាក់ស្នើកាលពីថ្ងៃអង្គារ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន VinFast បានបញ្ជូនសំណើសម្ងាត់ទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) ក្នុងខែមេសា ពោលគឺមួយខែបន្ទាប់ពីក្រុមហ៊ុននេះបានអះអាងថា ខ្លួននឹងសាងសង់រោងចក្រផលិតនៅរដ្ឋ North Carolina ជាមួយនឹងគម្រោងផលិតរថយន្តអគ្គិសនីដំបូងឱ្យ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុន VinFast បានដាក់ទង់ជាលើកដំបូងរបស់ខ្លួនលើ IPO របស់សហរដ្ឋអាមេរិកកាលពីខែមេសាឆ្នាំមុន ក្នុងបំណងប្រមូលប្រាក់ចំនួនពីរ ប៊ីលានដុល្លារ ជាមួយនឹងតម្លៃប្រហែល ៦០ ប៊ីលានដុល្លារ។
គួរគូសបញ្ជាក់ថា ការវាយតម្លៃទីផ្សារសម្រាប់ការចាប់ផ្តើមអាជីវកម្មរថយន្តអគ្គីសនី បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក បន្ទាប់ពីក្រុមហ៊ុនមួយចំនួនដែលមានការវាយតម្លៃខ្ពស់ បានប្រឈមមុខនឹងការត្រួតពិនិត្យ ខណៈសេដ្ឋកិច្ចពិភពលោកក៏ប្រឈមមុខនឹងភាពដ៏អាប់អួរ។
កាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន VinFast បានដឹកជញ្ជូនរថយន្តចំនួន ៩៩៩ គ្រឿងដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយកំណត់គម្រោងរយៈពេល ៥ ឆ្នាំដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងប្រទេសវៀតណាម សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។ ក្រុមហ៊ុនបានអះអាងថា បច្ចុប្បន្ននេះ ខ្លួនមានការបញ្ជាទិញរថយន្តអគ្គីសនីជិត ៦៥ ០០០ គ្រឿងនៅទូទាំងពិភពលោក ហើយរំពឹងថានឹងលក់រថយន្តប្រភេទនេះចំនួន ៧៥០ ០០០ គ្រឿងក្នុងឆ្នាំនៅឆ្នាំ ២០២៦៕
ដោយ៖ ហួន ឌីណា ប្រភព៖ Vietnam’s EV maker Vinfast files for U.S. IPO to fuel global expansion