សម្តេចក្រឡាហោម ស ខេង មិនគាំទ្រការប្រើសំណងលុយលើជីវិតមនុស្សគ្រោះថ្នាក់ដោយចរាចរណ៍ (Video Inside)
ការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍បង្កការស្លាប់មនុស្ស តាមរយៈការសងលុយជាសំណងចិត្តនោះ បានក្លាយជាចំណុចរិះគន់មួយពីសាធារណជន។ សម្តេចក្រឡាហោម ស ខេង ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាសម្តេចក៏មិនគាំទ្រផងដែរ។
គួរបញ្ជាក់ថាការផ្សាយតាមបណ្តាញសង្គមនាប៉ុន្មានថ្ងៃមកនេះ បានបង្ហាញប្រតិកម្មសាធារណមតិ ដែលមិនពេញចិត្តលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើស្ពានជ្រោយចង្វារ ដោយមានរថយន្តមួយគ្រឿងបានបុកម៉ូតូមួយដែលផ្ទុកមនុស្ស៣នាក់ ក្នុងនោះរួមមានទារក អាយុ២ខែផងដែរ។ អ្នកទាំង៣ដែលជិះម៉ូតូ បានរងរបួសធ្ងន់ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញ ថាភាគីបង្កបានផ្តល់សំណងចំនួន២ពាន់៥០០ដុល្លារដើម្បីបញ្ចប់រឿង។ សម្តេចក្រឡាហោម ស ខេង បានថ្លែងបង្ហាញការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នោះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍ជាមធ្យមមានអ្នកស្លាប់ចំនួន ៤នាក់ និងអ្នករងរបួសចំនួនន១១នាក់ក្នុងមួយថ្ងៃដែលក្នុងក្នុងចំណោមជនរងគ្រោះនោះ ភាគច្រើនអ្នកដែលបានស្លាប់ គឺជាអ្នកជិះម៉ូតូ ដែលមានដល់ទៅ៧៩ភាគរយ។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ធ្នូនេះ មានមនុស្សស្លាប់ចំនួន២នាក់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល។