បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាបំពេញចំណុចខ្វះខាតសេសសល់របស់គណបក្ស ដើម្បីបំរើប្រជាជន (Video Inside)
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងទទួលស្គាល់នូវភាពមិនទាន់ល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ប៉ុន្តែបានប្តេជ្ញាថានឹងធ្វើការកែលំអចំពោះភាពខ្វះខាតទាំងឡាយណា ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជន។
គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំដែលបាននិងកំពុងកាច់ចង្កូតដឹកនាំប្រទេស បានហែលឆ្លងកាត់ឧបសគ្គធំៗទាំងឡាយជាមួយនឹងប្រជាជនដោយមិនបានរត់ចោល ប្រជាជនខ្លួនឯងនោះឡើយ។
ឆ្លងតាមរយៈការបោះឆ្នោតសកលដែលចាប់ផ្តើមតាំងពីលើកដំបូង នៃខែឧសភា ឆ្នាំ១៩៩៣, សម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋម្តងឡើង, ម្តងចុះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជានិច្ចរស់នៅជាមួយប្រជាជនរួមសុខនិងទុក្ខ។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសាសនាមួយដែលបានរៀបចំធ្វើក្នុងស្រុកកោះធំ ខេត្តកណ្តាលនា ពេលថ្មីៗកន្លងមកនេះ បានថ្លែងថាគណបក្សប្រជាជនកម្ពុជាតែងទទួលស្គាល់ការពិត នៃភាពមិនទាន់ល្អឥតខ្ចោះបើទោះបីជា មានសម្លេងគាំទ្រច្រើនលើសលុបពីពលរដ្ឋជាងបណ្តាគណបក្សនយោបាយនានាក៏ដោយ។
ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីការជួយកែលំអភាពខ្វះខាត ជាពិសេសលើមន្ត្រីរបស់ខ្លួនដែលមានតំណែងក្នុងមន្ត្រីរាជការ បានដាក់ចេញនូវអភិក្រម ចំនួន៥។ អភិក្រមសម្រាប់កែជួយកែលំអភាពខ្វះខាតដោយផ្ទាល់ខ្លួនឯងនោះរួមមាន ងូតទឹក, ឆ្លុះកញ្ចក់, ដុះក្អែល, ព្យាបាល និងវះកាត់។
គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំជួយធ្វើឱ្យប្រទេសជាតិ អស់សង្គ្រាមស៊ីវិលទាំងស្រុងនាចុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុនសែន។ តាមរយៈនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិលនោះហើយ បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដ និងមានការអភិវឌ្ឍន៍ប្រទេសរីកចំរើន ដូចសព្វថ្ងៃ។