ឥណទានកូរ៉េខាងត្បូងសម្រាប់កសាងស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ទៅអរិយក្សត្រនឹងចុះ ហត្ថលេខាទទួលនៅថ្ងៃសុក្រនេះ (Video Inside)
កម្ពុជានឹងធ្វើការចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងដែលក្នុងនោះរួមមាន ឥណទានថវិកាសម្រាប់កសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសការចុះហត្ថលេខាទទួលឥណទានសម្បទាននេះ នឹងគ្រោងធ្វើនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសបញ្ជាក់ថាឥណទានសម្បទាននេះ នឹងចុះហត្ថលេខា២ផ្សេងគ្នា ក្នុងនោះឥណទាន នៃថវិកាតម្លៃ១ពាន់៥០០ លានដុល្លារ នឹងត្រូវហត្ថលេខារវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹងឯកអគ្គរដ្ឋទូតកូរ៉េ លោក ប៉ាក ហ៊ឹងឃ្យុង។
ឥណទានថវិកាតម្លៃ១ពាន់ ៥០០លានដុល្លារ សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ដល់ ឆ្នាំ២០២៦។ ការចុះហត្ថលេខាទី២លើឥណទានសម្បទានតម្លៃ២៤៥លាន៩០ម៉ឺន៩ពាន់ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ, និងឥណទានសម្បទានតម្លៃ៧០លានដុល្លារ នៃគម្រោងពង្រឹង សមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។
ការចុះហត្ថលេខាទី២ នៃឥណទានសម្បទានតម្លៃសរុប៣១៥លាន៩០ម៉ឺន៩ពាន់នាក់ នឹងធ្វើរវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី មីនី ជ័យ ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហរណអាហរណ កូរ៉េប្រចាំកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានថ្លែងថា ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់ រវាងប្រជាជាតិទាំងពីរ៕