កងកម្លាំងមួកខៀវកម្ពុជា២កងមកពីប្រទេសម៉ាលីធ្វើមាតុភូមិនិវត្តន៍ (Video Inside)
កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងពីប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយការប្តូរវេនរបស់កម្លាំងថ្មី។ ពិធីទទួលកងកម្លាំងមួកខៀវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កងកម្លាំងមួកខៀវទាំង២កងដែលវិលត្រឡប់មកវិញនេះ រួមមាន កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាអគ្គនាយកមជ្ឈមណ្ឌលរក្សាសន្តិភាព បានថ្លែងក្នុងពិធីថា កងកម្លាំងទាំង២កងនេះ «បានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈថ្មីៗបន្ថែមទៀត»។
លោកបញ្ជាក់ថា « កងកម្ទេចគ្រាប់ មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះរបស់កម្ពុជា បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា, អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់ ៥៣អង្សាសេ»។ មិនមានការបញ្ជាក់ជុំវិញកងកម្លាំងមួកខៀវបីនាក់ ដែលបានរងរបួសក្នុងបេសកកកម្មនៅក្នុងប្រទេសម៉ាលីថ្មីៗកន្លងមកនេះឡើយ។
កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨ពាន់៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល, សាយប្រឺស និងយ៉េមែន។