ក្រសួងសុខាភិបាលបិទគ្លីនីក «ដើមអង្ក្រង» ដែលប្រើឆ្មបគ្មានវិជ្ជាជីវៈ (Video Inside)
ក្រសួងសុខាភិបាលបានសម្រេចបិទ Clinic ឯកជន «ដើមអង្ក្រង» ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យអ្នកប្រព្រឹត្ត និងអ្នកទទួលខុសត្រូវ ត្រូវប្រឈមមុខចំពោះមុខច្បាប់ថែមទៀត។
Clinic ឯកជន «ដើមអង្ក្រង» ក្រោមការទទួលខុសត្រូវរបស់លោកស្រីវេជ្ជបណ្ឌិត សួស ចន្ទរស្មី ត្រូវបានក្រសួងសុខាភិបាលបានចោទថា ប្រើប្រាស់ «បុគ្គលិកគ្មានការបណ្តុះបណ្តាល និងគ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ» ពាក់ព័ន្ធនឹងការរំលូតគភ៌ដល់ស្ដ្រីមានកូនស្លាប់ ក្នុងផ្ទៃអាយុ១៨សប្តាហ៍។
ការព្យាបាលដោយគ្មានវិជ្ជាជីវៈរបស់ឆ្មបគ្មានការបណ្តុះបណ្តាលនោះ បានធ្វើឱ្យស្ត្រីជាមាតាអាយុ២២ឆ្នាំ វិះតែនឹងបាត់បង់ជីវិតថែមទៀត បន្ទាប់ពីធ្វើការវះកាត់សំអាតបង្កប៉ះពាល់ដល់ដាច់ពោះវៀនថែមទៀត។
កាលពីថ្ងៃទី៣០ វិច្ឆិកា, ក្រសួងសុខាភិបាលបានដាក់ទណ្ឌកម្មស្ត្រីឆ្មបអ្នកប្រព្រឹត្តឈ្មោះ អ៊ឹង ធារិន មិនឱ្យប្រកបមុខរបរឆ្មបរយៈពេល២ឆ្នាំ…ប៉ុន្តែសេចក្តីប្រកាសចុងក្រោយថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ បានសម្រេចជាបន្ថែមនូវការបិទគ្លីនីក «ដើមអង្ក្រង» ទាំងស្រុង, ដកហូតលិខិតអនុញ្ញាតបើកព្យាបាល និងតម្រូវឱ្យអ្នកទទួលខុសត្រូវ, ម្ចាស់គ្លីនីកដើមអង្ក្រង និងអ្នកដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជម្ងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមានថែមទៀត។