កម្ពុជាបញ្ជូនកីឡាករប្រដាល់៨រូបហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន (Video Inside)
កីឡាករជម្រើសជាតិ៨រូប ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីការត្រៀមរកមេដាយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ យោងតាមសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ការបញ្ជូនកីឡាករទាំង៨រូបនោះ នឹងមានរយៈពេល២សប្ដាហ៍។
អគ្គលេខាធិការសហព័ន្ធលោក ប៊ុយ សុភ័ណ្ឌ បានថ្លែងថា កីឡាករទាំង៨រូបនោះ គឺឈ្មោះ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ដែលនឹងត្រូវហ្វឹកហាត់រវាងពីថ្ងៃទី០៩-២៣ ធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ។
ក្រុមជម្រើសជាតិកម្ពុជាក្នុងអម្លុងកាលហ្វឹកហាត់នេះ នឹងរំពឹងការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមប្រដាល់ជម្រើសជាតិគុយបា, កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀតមកពីជុំវិញពិភពលោក ។
កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមលើកទី៣២ រយៈពេល១២ថ្ងៃរវាងពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។