មន្ត្រីគជបថ្លែងថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ៥០ថ្ងៃ ប្រព្រឹត្តដោយរលូន (Video Inside)

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីបានបញ្ចប់ហើយ នៅថ្ងៃព្រហស្បតិ៍នេះហើយ បន្ទាប់ពីដំណើរការរយៈពេល៥០ថ្ងៃ។

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា នៅច្រើនម៉ោងមុនការបិទបញ្ចប់ បានប្រាប់អ្នកសារព័ត៌មានថាដំណើរការចុះឈ្មោះរយៈ ពេលកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន។

មន្ត្រីគជប បានថ្លែងថាតួលេខ នៃចំនួនពលរដ្ឋដែលបានមកចុះឈ្មោះថ្មីកន្លងមកនេះ បានកើន លើសការប៉ាន់ស្មានរបស់គជប ប្រមាណ១៤១ភាគរយ។ ប៉ុន្តែទោះជាយ៉ាងណាក្តីមានការកត់សម្គាល់ថាពលរដ្ឋនៅក្រៅប្រទេសប្រមាណ១លាននាក់ទៀត នៅមិនទាន់បានមកពិនិត្យ ឈ្មោះរបស់ខ្លួនឡើយ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ នៅថ្ងៃចុងក្រោយនេះ មានចំនួន ១ម៉ឺន២ពាន់៤៩៣នាក់ ដែលនាំឲ្យចំនួនអ្នកមកចុះឈ្មោះ រយៈ៥០ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ ៥៧ម៉ឺន ៧ពាន់៥៥០នាក់។ អ្នកដែលនឹង ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២៥ម៉ឺន៨ពាន់៣៧២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៦ម៉ឺន៧៦៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៧ម៉ឺន៨ពាន់ ៥២១នាក់។

មន្ត្រីគជបបានថ្លែងថាបន្ទាប់ពីដំណាក់កាលបិទបញ្ជីការចុះឈ្មោះ និងការពិនិត្យឈ្មោះរួច គេនឹងឈានចូលដល់ដំណាក់កាលទី២គឺការចុះឈ្មោះបេក្ខជន និងគណបក្សនយោបាយ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣, និងដំណាក់កាលទី៣ គឺការឃោសនារកសម្លេងសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលគេនឹងរៀបចំពេលវេលាជាក់លាក់ ក្នុងពេលខាងមុខ និងដំណាក់កាលទី៤ គឺការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល។

ads banner