អារ៉ាប៊ីសាអូឌីត និងចិន ចុះកិច្ចព្រមព្រៀងជាច្រើនជាមួយគ្នា
អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត និងចិន បានចុះហត្ថលេខាលើន កិច្ចព្រមព្រៀងមួយចំនួននឹងគ្នារួមមាន កិច្ចព្រមព្រៀងលើថាមពល និងការវិនិយោគផ្ទាល់រវាងប្រទេសទាំងពីរ។ សមិទ្ធផលនេះ លេចន ចេញជារូបរាងឡើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានជួប ប្រជុំគ្នានៅទីក្រុងរីយ៉ាដ នាថ្ងៃព្រហស្បតិ៍ ទី៨ខែធ្នូ ក្នុងជំនួបកំពូល មួយដែលបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងរីកចម្រើនលើសពី ប្រេងតែមួយមុខ។
រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ម៉ូហាមេដ បេនសាលម៉ាន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងខាងលើ នៅព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងពីកិច្ចព្រមព្រៀងភាពជា ដៃ គូយុទ្ធសាស្ត្រនិងផែនការស្រុះស្រួលគ្នាមួយរវាងចក្ខុវិស័យឆ្នាំ ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានបំណងកាត់បន្ថយ សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើប្រេង និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។
អនុស្សរណៈនៃការយោគយល់គ្នានៃភាគីទាំងពីរ ក៏ត្រូវបាន ចុះ ហត្ថលេខាផងដែរលើថាមពលអ៊ីដ្រូសែន ថាមពលពន្លឺព្រះអាទិត្យ ការវិនិយោគផ្ទាល់ និងលើផ្នែកលំនៅដ្ឋាន។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិនិត្យមើលពីទិដ្ឋភាព នៃភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នា ហើយបានពិភាក្សាផងដែរពី ឱកាសក្នុងការវិនិយោគ ធនធានដែលមាននៅក្នុងប្រទេសទាំងពីរ។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក ហើយចិនវិញ គឺជាអតិថិជនកំពូលរបស់អារ៉ាប៊ីសាអូឌីតដែលជា ហេតុធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរមានសារៈសំខាន់ចំពោះទីផ្សារប្រេងឆៅ។ ប៉ុន្តែ ទាំងចិន និងអារ៉ាប៊ីសាអូឌីត ក៏កំពុងប្រឹងប្រែង ពង្រីកបន្តិចម្តងៗ នូវល្បាយថាមពលរបស់ពួកគេ។
គួរជ្រាបថា អារ៉ាប៊ីសាអូឌីត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី នៅក្នុងទីក្រុងរីយ៉ាដ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក។ ដំណើរទស្សនកិច្ចរបស់លោកស៊ីនេះ ធ្វើឡើងនៅជួនចំពេល ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជួបភាពតានតឹងនឹងគ្នា។
កាលពីពីរខែមុន អាមេរិកបានខឹងសម្បានឹងអារ៉ាប៊ីសាអូឌីត ដែល បានសម្រេចកាត់បន្ថយការផលិតប្រេងក្នុងចំនួនដ៏ច្រើន ដោយ មិនខ្វល់ពីការទាមទាររបស់លោកប្រធានាធិបតី ចូ បៃដិន។ ខុស ផ្ទុយពីអាមេរិក ចិនបែរជាបានសរសើរជំហររបស់ អារ៉ាប៊ីសាអូឌីត នេះទៅវិញ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Saudi Arabia, China sign MoUs on hydrogen – state news agency
China, Saudi Sign Deals as Xi Gets Warm Welcome in Riyadh