មន្ត្រី និងយុវជនជាង ២ ៤០០នាក់ ត្រៀមប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រនៅព្រះសីហនុ
ព្រះសីហនុ៖ មន្ត្រីរាជការ និងយុវជនជាង ២ ៤០០នាក់ បានត្រៀមចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីថែរក្សាបរិស្ថាន និងលើកកម្ពស់សោភ័ណភាព។
ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលបានធ្វើឡើងកាលពី ថ្ងៃទី៨ ខែធ្នូ ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍លោក ហួត រិទ្ធី បានថ្លែងថា សំរាមតែងតែកើតមានឡើងរាល់ពេល រៀបចំកម្មវិធីតូចធំកន្លងមក ដូចជា បុណ្យអុំទូកនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង និងខេត្តកំពតជាដើម។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានដាក់ចេញនូវដំណោះស្រាយជាច្រើនដែលផ្តោតលើការអប់រំបណ្ដុះបណ្ដាល សកម្មភាពសម្អាតបរិស្ថាននិងការប្រមូលសំរាមជាក់ស្ដែង និងការបញ្ជ្រាបការយល់ដឹងដល់ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទូទៅ។
លោក ហួត រិទ្ធី បានបញ្ជាក់ថា ៖«សកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននឹងធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ នៅពយសម្ដេចតេជោដែលមានអ្នកចូលរួមចំនួន ៧១៦ នាក់ និងដើមឈើចាំស្នេហ៍ដែលមានអ្នកចូលរួមចំនួន ១ ៦៩៩នាក់ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ»។ ចំណែក នៅព្រឹកថ្ងៃទី១១ ខែធ្នូ គឺមានសកម្មភាពធ្វើនៅឆ្នេរអូរឈើទាល (បន្ទប់ទឹកលេខ១) និងនៅឆ្នេរអូត្រេះ។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការកម្ពុជាស្អាតនាឱកាសបុណ្យសមុទ្រនេះឱ្យបានផុសផុល ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះពោពេញដោយភាពស្អាត មានអនាម័យ មានសោភ័ណភាពល្អ ធានាបាននូវបរិស្ថានស្អាត និងសប្បាយរីករាយទាំងអស់គ្នា។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ឯកឧត្តម ទិត ចន្ថា ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុ ជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន នាពេលកន្លងទៅផងដែរ។
នាពិធីបុណ្យសមុទ្រនេះ ក៏មានការចាក់ផ្សាយវីដេអូអប់រំពាក់ព័ន្ធនឹងការទុកដាក់សំរាម និងមានការលេងហ្គេមអប់រំ ព្រមទាំងមានការផ្ដល់រង្វាន់ និងបានបន្ថែមធុងដាក់សំរាមរាប់រយកន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលភ្ញៀវទេសចរក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ៕
ដោយ៖ ឡាយ សាមាន