ពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២២ នេះនឹងមានអ្នកចូលរួមប្រមាណ ១០ម៉ឺននាក់
ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយពាក្យស្លោកថា “មួយថ្ងៃអាន មួយថ្ងៃដឹង” ដែលកម្មវិធីរៀបចំឡើងក្នុងបរិវេនបណ្ណាល័យជាតិ ស្ថិតក្នុងរាជធានីភ្នំពេញ នៅខាងលិចវត្តភ្នំប្រហែល ១៥០ម៉ែត្រ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងដាក់បង្ហាញសៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធ ក៏ដូចជាស្នាដៃស្រាវជ្រាវរបស់អ្នកនិពន្ធខ្មែរ ពីមួយឆ្នាំទៅមួយ។ ក្រៅពីដាក់បង្ហាញសៀវភៅ កម្មវិធីក៏បានផ្ដល់ឱកាសឱ្យកវីនិពន្ធបានជួបជុំគ្នារៀងរាល់មួយឆ្នាំម្ដងផងដែរ ដើម្បីបានផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង និងកិច្ចការការនិពន្ធ ស្រាវជ្រាវ និងការរៀបរៀងជាសៀវភៅរៀងៗខ្លួន។
មន្ត្រីគ្រប់គ្រងការរៀបចំពិព័រណ៍សៀវភៅ លោកស្រី ខ្លូត វិបុលឡា បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជារៀបចំឡើងដំបូងឆ្នាំ២០១១ ដែលមានពាក្យស្លោកថា រួមគ្នាអានដើម្បីអភិវឌ្ឍន៍ ដែលគិតមកដល់ឆ្នាំ ២០២២នេះ ពិព័រណ៍សៀវភៅត្រូវបានធ្វើឡើងចំនួន ៩លើក។លោកស្រីបានបញ្ជាក់ថា ៖«ឆ្នាំនេះយើងមានស្តង់ចំនួន ១៩៨ស្តង់ ហើយយើងមានអ្នកឧបត្ថម្ភធំក្នុងការរៀបចំដោយក្រុមហ៊ុន TIGER BALM និងសហការដោយក្រុមហ៊ុន ធនាគារមួយចំនួនទៀត។យើងរំពឹងថា ឆ្នាំនេះនឹងមានអ្នកចូលរួមប្រហែល ១០ម៉ឺននាក់»។
ទាក់ទិននឹងស្ថាប័នដែលរៀបចំពិព័រណ៍សៀវភៅកម្ពុជា លោកស្រី ខ្លូត វិបុលឡា មានប្រសាសន៍ថា ការរៀបចំពិព័រណ៍សៀវភៅនេះ គឺជាការរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយនាយកដ្ឋានសៀវភៅនិងការអាន ស្ថិតក្រោមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ចំណែកបណ្ណាល័យជាតិ គឺស្ថិតនៅក្រោមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រោមនាយកដ្ឋានសៀវភៅនិងការអានផងដែរ ។
លោកស្រីបន្តទៀតថា ការរៀបចំពិព័រណ៍សៀវភៅមានការសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មាន ក្រៅពីនេះ ក៏មានដៃគូសហការជាច្រើនទៀតផងដែរ ។
លោកស្រីក៏បានបង្ហាញឱ្យដឹងពីចំនួនតូបឬស្តង់សៀវភៅនិងចំនួនមនុស្សដែលចូលរួមក្នុងពិព័រណ៍សៀវភៅដែលរៀបចំកន្លងមក ក្នុងនោះលើកទីមួយមានចំនួន ១០តូប និងមានមនុស្សចូលរួម ១០០០នាក់ លើកទី២ មានចំនួន ៣០តូប និងមានមនុស្សចូលរួម ៤៥០០នាក់ លើកទី៣ មានតូបចំនួន ៤០តូប និងអ្នកចូលរួមមានចំនួន ៧៥០០នាក់ លើកទី៤ មានតូបចូលរួមតាំងបង្ហាញចំនួន ៥០ តូប និងអ្នកចូលរួមមាន ១២០០០នាក់ លើកទី៥ មានតូបចំនួន ៦៣តូប និងអ្នកចូលរួម ២៥០០០នាក់ លើកទី៦ មានតូបចំនួន ៨៣ តូប និងអ្នកចូលរួមមានចំនួន ៥១០០០នាក់ លើកទី៧ មានតូបដាក់តាំងសៀវភៅចំនួន ១១០ តូប និងមានអ្នកចូលរួមចំនួន ១៣០០០០នាក់ និងលើកទី៨ ក្នុងឆ្នាំ២០១៩ មានតូបចំនួន ១៤៥តូប និងមានអ្នកចូលរួម ១៨០០០០នាក់។ លោកស្រីបង្ហាញអារម្មណ៍ថា៖ «នេះជាជោគជ័យមួយ ហើយក៏ជាការបង្ហាញឱ្យពីសន្ទុះអ្នកអាននៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ»៕
ដោយ៖ ហ៊ួន ស៊ីឡូន