សត្វក្រពើភ្នំប្រមាណ​៤០០ក្បាល ជាប្រភេទសត្វកម្រលើពិភពលោក កំពុងរស់នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សត្វក្រពើភ្នំ (Siamese Crocodile)​ ដែលប្រភេទសត្វកម្រនៅលើពិភពមានត្រឹម១ពាន់ក្បាល ប៉ុន្តែនៅកម្ពុជាមានរហូតប្រមាណ ៤០០ក្បាល ដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃប្រភេទសត្វកម្រនេះ។

ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ  ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី
១ ០០០ ក្បាល។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា​ សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ សត្វក្រពើភ្នំ ធ្លាប់មានវត្តមានជាច្រើននៅតាមដងទន្លេ និងពាសពេញតំបន់វាលភក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ប្រទេសកម្ពុជាផងដែរ។ លោកថា៖«នៅកម្ពុជា វត្តមានក្រពើភ្នំមាននៅតំបន់ជួរភ្នំក្រវ៉ាញ និងថ្មីៗនេះបានរកឃើញវត្តមានកូនសត្វក្រពើភ្នំចំនួនប្រាំបីក្បាលដែលអាចសន្និដ្ឋានថាយ៉ាងហោចមានសត្វក្រពើភ្នំពេញវ័យមួយគូដែលរស់នៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរី។

នៅដើមទសវត្សឆ្នាំ១៩៩០ សត្វក្រពើភ្នំត្រូវបានព្រួយបារម្ភថាវានឹង “ផុតពូជ” នៅក្នុងព្រៃធម្មជាតិដោយសារតែការបំផ្លាញទីជម្រក ការប្រមាញ់ និងមានការប្រមូលយកទៅចិញ្ចឹមជាលក្ខណៈកសិដ្ឋាន។ នៅពេលបច្ចុប្បន្នវាជាប្រភេទសត្វក្រពើដែលកម្របំផុតមួយនៅលើពិភពលោក។ ចំនួនសត្វព្រៃដែលមាននៅកម្ពុជា ដែលស្ថិតក្នុង តំបន់ការពារចុងក្រោយនៃប្រភេទសត្វត្រូវបានប៉ាន់ស្មានថាមានចំនួនតិចជាង ៤០០ក្បាល។

ឯកឧត្តម នេត្រ ភក្រ្តា​ គូសបញ្ជាក់ថា ដោយសារមានការរីកចម្រើនខ្លាំងក្នុងការពារតំបន់ដីសើមសំខាន់ៗ ការការពារទីជម្រករបស់សត្វក្រពើភ្នំ និងប្រភេទដែលកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជនេះទើបសត្វក្រពើភ្នំមានការកើនឡើងវិញ។ លោកថា៖«ទោះជាយ៉ាងណាការគំរាមកំហែងនៅតែបន្តមានរួមទាំងការចាប់សត្វព្រៃដោយចៃដន្យ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការប្រមាញ់ហួសប្រមាណ និងហានិភ័យដោយចំនួននៃការបង្កាត់ពូជមានតិច។ ទាំងអស់នេះជាមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ( FFI) បន្តធ្វើការការពារលើរបាយចំនួននៃសត្វក្រពើភ្នំដើម្បីជួយឱ្យចំនួនពួកវាមានការកើនឡើងពីចំនួនតិចតួចឆ្ពោះទៅរកចំនួនដែលមានស្ថិរភាពមួយ។

កាលពីខែឧសភា ឆ្នាំ២០២២ សត្វក្រពើភ្នំចំនួន ២៥ ក្បាលត្រូវបានលែងចូលជម្រកធម្មជាតិនៅតំបន់អារ៉ែង ធ្វើឱ្យសត្វក្រពើភ្នំដែលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៅតំបន់ជួរភ្នំក្រវ៉ាញ ចាប់តាំងពីឆ្នាំ ២០១២ មកកើនដល់ចំនួន ១៣៦ ក្បាល។ ជាមួយគ្នានេះក៏មានកន្លែងបង្កាត់ពូជក្រពើភ្នំនៅឧទ្យានជាតិភ្នំតាម៉ៅ ដែលបច្ចុប្បន្ននេះមានសត្វក្រពើភ្នំតូចធំចំនួន ១៧៩ ក្បាល ដែលក្នុងនោះមានសត្វក្រពើភ្នំពេញ
វ័យចំនួន ៥០ ក្បាល ជំទង់ចំនួន ៦៩ក្បាល និងកូនក្រពើភ្នំទើបញាស់ចំនួន ៦០ក្បាល។

ក្រសួងបរិស្ថាន ជឿជាក់ថា ជាមួយគម្រោងអភិរក្សសត្វក្រពើភ្នំនេះ នឹងធ្វើឱ្យចំនួនសត្វក្រពើភ្នំក្នុងជម្រកធម្មជាតិមានការកើនឡើង បន្ថែមពីការបង្កាត់ពូជនិងកូនញាស់ដើម្បីលែងចូលក្នុងជម្រកធម្មជាតិបន្ថែម។

គម្រោងអភិរក្សសត្វក្រពើកម្ពុជា(CCCP) បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយសហគមន៍នៅតំបន់ជួរភ្នំក្រវាញអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ ក្រពើភ្នំបានរស់នៅជិតស្និទ្ធនៅក្នុងតំបន់របស់ជនជាតិដើមភាគតិចដែលចាត់ទុកថា ក្រពើជាសត្វពិសិដ្ឋ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអភិរក្សសត្វដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

 ដោយ៖ ឡាយ សាមាន

ads banner