សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ខេត្តព្រះសីហនុ អាចទទួលបណ្ដុះបណ្ដាលសិស្ស ៣០០នាក់ក្នុងមួយឆ្នាំ

ព្រះសីហនុ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ មានលទ្ធភាពអាចទទួលបណ្ដុះបណ្ដាលសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍រហូតដល់៣០០នាក់ក្នុងមួយឆ្នាំ ក្នុងជំហានដំបូងបន្ទាប់ពីសាលានេះសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។

មុនចាប់ផ្ដើមសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំការរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កម្មវិធីតាមប្រពៃណីព្រះពុទ្ធសាសនានេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំងចាស់នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

គួរជម្រាបថា រាជរដ្ឋាភិបាលកំពុងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។

លោក ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានថ្លែងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះអាចទទួលបណ្ដុះបណ្ដាលសិស្សបាន២០០នាក់, ៣០០នាក់ រហូតដល់៤០០នាក់ ជាជំហានៗបន្ទាប់ពីសាលានេះសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។

លោក ឆាយ ឃុនឡុង បានបន្តថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ មានអគារចំនួន១ ផ្នែកខាងមុខមានកម្ពស់១ជាន់ និងខាងក្រោយមាន៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សេវាកម្មធ្វើដំណើរទេសចរណ៍ បណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យតំបន់បៃតងជាដើម។

លោកនាយកសាលាបានបន្តទៀតថា បន្ទាប់ពីសាងសង់អគាររួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា២០២៤- ២០២៥ ចំនួនប្រមាណ២០០នាក់ ជាមួយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍៤ផ្នែកសំខាន់ៗ រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។

ក្រោយការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នឹងផ្តល់ឱកាសដល់សិស្ស-និស្សិតដែលរស់នៅខេត្តក្នុងតំបន់ឆ្នេរសមុទ្រ (ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង) និងបណ្ដាខេត្តផ្សេងៗទៀតមកទទួលការបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា ជាមួយសម្បទានទ្រទ្រង់ការបណ្ដុះបណ្ដាលគ្រប់គ្រាន់ និងប្រកបដោយគុណភាពដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជាផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner