កម្ពុជា-ថៃ បន្តកិច្ចសហការក្នុងការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន
ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជានឹងបន្តកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យអស់មីននីឆ្នាំ២០២៥ និង២០២៦ ខាងមុខនេះ។
ឯកឧត្តម លី ធុជ បានថ្លែងឡើងដូចនេះ ក្នុងពេលលោកជួបពិភាក្សាការងារជាមួយលោក Supathat Narindarabhakdi អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ម្សិលមិញនេះ។
លោកបានលើកឡើងថា ៖ «អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែនដែលកិច្ចការនេះ អាជ្ញាធរមីននឹងត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព(NPMEC) និងអង្គភាពស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ»។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ភាគីថៃ អំពីចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្នុងនោះការងារបោសសម្អាតមីន គឺជាកិច្ចការចាំបាច់មួយ ហើយអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការងារបោសសម្អាតមីននេះ។
ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែបានដាក់ចេញនូវទស្សនវិស័យដូចគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ពីទឹកដីរៀងៗខ្លួន ដែលកម្ពុជាប្រកាសនឹងអស់មីនឆ្នាំ២០២៥ និងថៃប្រកាសនឹងអស់មីនឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញបំណងក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការងារបោសសម្អាតមីន និងកិច្ចការសង្រ្គោះជនពិការដោយសារមីន ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី ធុជ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង កាលពីចុងខែវិច្ឆិកា ក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដោយបញ្ជាឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ដោះមីននៅកន្លែងណាដែលមានមីនដោយមិនគិតអំពីបញ្ហាព្រំដែនទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នាពេលនោះថា ៖ «ដូច្នេះយើងត្រូវធ្វើជាមួយភាគីថៃ ដោយកុំ(ទាន់)ខ្វល់(ពីការកំណត់ព្រំដែន) … រឿងព្រំដែនវាមិនទាន់ច្បាស់ ប៉ុន្តែយើងអត់កំណត់ថានេះដីថៃឬដីយើងទេ។ គ្រាន់ថាតំបន់ហ្នឹងគឺតំបន់មិនទាន់ដាច់ស្រេច ប៉ុន្តែវាមានមីន។ អញ្ចឹង យើងសហការគ្នាដោយថៃអាចដោះបន្តមកកន្លែងណា យើងកំណត់ទៅ។ គាត់អាចដោះលើដីគាត់ផង គាត់អាចដោះមកលើដីយើងផង»។
សម្ដេចតេជោបានបន្ថែមថា បើសិនជាវាទៅមុខ(ឆ្លងគ្នា)បន្តិចបន្តួច វាមិនមានបញ្ហាទេ តែអ្វីដែលសំខាន់បំផុតធានាឱ្យប្រជាជនបានទទួលនូវសេចក្តីសុខ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន សំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក ។
ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ” នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ ៣៦ ចូលរួម៕
ដោយ៖នាង សុគន្ធា