ឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

អត្ថបទដោយ៖
CPA

​ព្រះសីហនុ៖ ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរក្នុងនោះមានកម្រិតល្អណាស់ប្រាំមួយឆ្នេរ និងកម្រិតមធ្យមប្រាំឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា បានវាយតម្លៃ និងទទួលជ័យលាភីចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។​

លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈ​កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ថ្លែងក្នុងពិធីប្រគល់ជ័យលាភីកាលពីថ្ងៃទី៨ ខែធ្នូ ឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យនិងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន៦ឆ្នេរ ខេត្តកោះកុងចំនួន៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន១៦ឆ្នេរ។​

លោកបន្តថា ៖ «ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត កម្រិតល្អណាស់ មានចំនួន៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ឯខេត្តព្រះសីហនុមាន៤ឆ្នេរមាន ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌»។​

ដោយឡែក  ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន១ឆ្នេរ៖ ឆ្នេរកោងកាង។ ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។​

លោក មុំ បូវីល បានបញ្ជាក់ទៀតថា ៖ «សម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការ និងមានចំណាត់ការកែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញនាពេល៣ខែបន្ទាប់»។​

ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់ រួមមាន ខេត្តកោះកុង មានឆ្នេរនេសាទ ឆ្នេរអាវស៊ីវវង់ ឆ្នេរពយស្ងាយ និងឆ្នេរប៉ាក់ខ្លង។ ខេត្តកែប មានឆ្នេរអង្កោល ឆ្នេរដើមបើស ឆ្នេរកំពង់សារាយ និងឆ្នេរកោងកាង។ ខេត្តព្រះសីហនុ មានឆ្នេរជំទាវម៉ៅ ឆ្នេរព្រែកត្រែង ឆ្នេរដូង ឆ្នេររ៉ុងសន្លឹម ឆ្នេរកោះតូច ឆ្នេរលំហែ ឆ្នេរ២៣ និងឆ្នេរខ្សាច់ស។​​

លោក នង ឌីណារ៉ា អភិបាលរងក្រុងព្រះសីហនុថ្លែងថា លោក បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះ ការប្រឹប្រែងអស់ពីកំលាំងកាយចិត្តក្នុងការចូលរួមលើកស្ទួយ  និងអភិវឌ្ឍវិស័យទេសចរណ៏នៅក្នុងខេត្តព្រះសីហនុ ហើ​យ​ទទួលបានជ័យលាភីនៅពេលនេះ។   ​

លោកថ្លែងថា៖ «នាឱកាសនេះពិតជាមានមោទតនភាពណាស់សម្រាប់ក្រុងព្រះសីហនុ  ដែលឆ្នេរសមុទ្រចំនួន៤  មាន ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ត្រូវបានទទួលពានរង្វាន់ជាឆ្នេរស្អាតក្រោមប្រ​ធានប​ទ «ឆ្នេរនៃសន្តិភាព  ឆ្នេរនៃក្តីសង្ឃឹម»៕

ដោយ៖យុទ្ធ វីរះ

ads banner