ភ្ញៀវកក់បន្ទប់មានចំនួនច្រើន ត្រៀមចូលរួមពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ គិតមកដល់ពេលនេះសេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀទៅលេងកម្សាន្តពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដែលចាប់ផ្តើម ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ ទោះជាយ៉ាងណា មិនទាន់ខ្វះកន្លែងស្នាក់នៅនៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបដល់ទៅជាង ៩ ០០០បន្ទប់ឯណោះ។
លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០ភាគរយហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ។
លោកបន្ត ថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។
បើតាមលោក គឹម សេរីរដ្ឋ បញ្ជាក់ថា ៖ «សម្រាប់ចំនួនភ្ញៀវទេសចរ ដែលគ្រោងមកកម្សាន្ត នៅក្នុងឱកាសបុណ្យសមុទ្រ គិតមកដល់ពេលនេះ គឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បឹងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗផងដែរ»។
ចំណែកលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានប្រមាណ៨០ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។
លោកបន្តថា ៖ «នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់ដែរ ដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន»។ លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងឱកាសបុណ្យសមុទ្រនេះដែរក៏មានភ្ញៀវជាតិកក់បន្ទប់ស្នាក់នៅច្រើនណាស់ដែរ ខណៈភ្ញៀវបរទេសក៏មានច្រើនដូចគ្នា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំក្រុងពាលីក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ និង អមជាមួយសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ដោយមានមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ និងយុវជនជាង២,៤០០នាក់ ឬមានច្រើនជាងនេះ បានត្រៀមខ្លួនចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ៕
ដោយ៖យុទ្ធ វីរះ