ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
ភ្នំពេញ៖ ឈានមួយជំហានពីយុគសម័យកសិកម្ម និងមកយុគសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។
សម្រាប់កម្ពុជាវិញរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍន៍គោលនយោបាយកសិកម្ម ដើម្បីជំរុញកំណើនក្នុងវិស័យនេះឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវដ្តឧស្សាហកម្ម ៤.០ និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស។
តែទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅជាវិជ្ជមានទាំងអស់នេះបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ។
ពាក់ព័ន្ធនឹងធនធានមនុស្សនេះដែរ ត្រូវបានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានលើកឡើងថា កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ ហើយការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។
លោកបន្តថា ជាចក្ខុវិស័យនាពេលអនាគត លោកចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់។ ហេតុនេះ ដើម្បីសម្រេចគោលដៅនេះ លោកថា ត្រូវមានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង ខណៈលោករំពឹងថា នៅប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយថែមទៀត។
ជាងនេះទៀត លោកថា នៅឆ្នាំខាងមុខនេះ គុណភាពសិក្សានឹងកាន់តែខ្ពស់ឡើង តាមរយៈការពង្រឹងបន្ថែមភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រងនិងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា៖ «ខ្ញុំសង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាពផងដែរ»។
ឯកឧត្តមបានបន្តថា ៖ «ក្រៅតែអំពីការបណ្ដុះបណ្ដាល ផ្ដល់ចំណេះដឹងដល់សិស្ស ខ្ញុំបានជំរុញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគិតពីនិរន្ដរភាព និងស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបាននូវការផ្ដល់ការសិក្សាប្រកបដោយគុណភាពដល់និស្សិត ដើម្បីបំពេញតម្រូវការការវិស័យកសិកម្ម»។
ទន្ទឹមនឹងការលើកឡើងនេះដែរ លោក ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្លាប់បានលើកឡើងថា វិស័យកសិកម្មអាចរីកចម្រើន និងឆ្ពោះទៅមុខបានអាស្រ័យលើការចូលរួមដែលមិនអាចខ្វះបានពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសធនធានមនុស្សក្នុងវិស័យនេះ។
លោកបានបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះសាកវិទ្យាល័យភូមិន្ទកសិកម្ម បានបង្កើតកិច្ចសហប្រតិបត្តិការថ្មីជាមួយស្ថាប័នពាក់ព័ន្ធ លើគម្រោងការប្រើប្រាស់ធនធាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងខ្សែច្រវ៉ាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចំរើន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានដឹងថា ក្នុងឆ្នាំ២០២១នេះ វិស័យកសិកម្មបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ២៤,៤ឿាគរយ (គិតតាមថ្លៃបច្នុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក។ ដោយឡែក ផលិតកម្មដំណាំមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេស សម្រេចបានចំនួន ៣,៥៥លានហិកតា កើនឡើង ៤,៤១ភាគរយធៀបឆ្នាំមុន ខណៈបរិមាណផលស្រូវសរុបទទួលបានចំនួន ១២,២១លានតោន កើនឡើង ១១,៦ភាគរយ បើធៀបនិងឆ្នាំមុន។
សម្រាប់ការនាំចេញវិញ រាជរដ្ឋាភិបាលកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២២ កើនបាន១០,៦៧ភាគរយ ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣,៩០ លានដុល្លារសហរដ្ឋអាម៉េរិក។ នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ។
ក្នុងរយៈពេល១០ខែនេះ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៥០៩២៤៩តោន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន ២៣១៨៧៣តោន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន១៧៩០៧៣តោន។ ប្រទេសសមាជិកអាស៊ានចំនួន៤ បានចំនួន៤៨២៥៣តោន និងផ្សេងៗចំនួន២៥ប្រទេស បានចំនួន ៥០០៥០តោន។
ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មកាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាព។ ហេតុដូច្នេះ ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម តាមរយៈការអភិវឌ្ឍធនធានមនុស្សឱ្យមានទាំងចំណេះដឹងនិងអភិវឌ្ឍជំនាញឌីជីថល ឈានទៅដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យកសិម្មកម្ពុជា៕
ដោយ៖បូរ ពេជ្យហ្សាលីន