អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលអូសបន្លាយពេលវេលា?
ភ្នំពេញ៖ បាតុកម្មនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនឹងមានអាយុមួយឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះជាមួយនឹងការ បន្តតវ៉ារបស់អតីតបុគ្គលិកនៅសេសសល់ប្រមាណ ១០០នាក់ ដែលមិនព្រមចូលតុចរចានិងបញ្ចប់វិវាទតាមការសម្រេចរបស់តុលាការក្រោមការសម្របសម្រួលរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈឡើយ ខណៈអតីតបុគ្គលិកភាគច្រើន បានទទួលយកដំណោះស្រាយ និងខ្លះមានមុខរបរថ្មីចិញ្ចឹមជីវិតរួចទៅហើយ។ ការបន្តអង្កៀម និងចិញ្ចឹមបាតុកម្មនេះ មិនមែនគ្មានដំណោះស្រាយសមស្របដែលអាចទទួលយកបាន នោះទេ ប៉ុន្តែបញ្ហាអូសបន្លាយនេះត្រូវបានអ្នកតាមដានស្ថានការណ៍ ក៏ដូចជាប្រជាពលរដ្ឋមើលឃើញថាដោយសារតែមាន ការជ្រៀតជ្រែកពីតួអង្គខាងក្រៅដែលមិនចង់ឱ្យបញ្ហានេះបញ្ចប់ដោយងាយ និងខិតខំចិញ្ចឹមទំនាស់ដើម្បីបម្រើឱ្យឧបាយកល ទុច្ចរិត និងចិញ្ចឹម«នយោបាយ ៣ កុំ» បំផ្លាញឆ្នាំងបាយពល រដ្ឋខ្មែរតាមរយៈការអំពាវនាវឱ្យបរទេស (១) កុំទិញទំនិញកម្ពុជា (២) កុំវិនិយោគនៅកម្ពុជា និង(៣) កុំផ្តល់ជំនួយដល់កម្ពុជា។ ហេតុនេះហើយបានជា ក្រុមអតីតបុគ្គលិកប្រមាណ ១០០នាក់ដែល នៅសេសសល់ត្រូវបន្តការតវ៉ាក្រោមការញុះញង់របស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយនិងបញ្ជាពីបរទេសដើម្បី បំផ្លាញមុខមាត់កម្ពុជាក្រោមលេសសិទ្ធិកម្មករ និងសេរីភាពនៃការធ្វើបាតុកម្ម។
បាតុកម្មខុសច្បាប់ដែលបានប្រកាសតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ហើយរហូតមកដល់ពេលនេះ បាតុកម្មនេះមិនដឹងជាចង់ទាមទារអ្វីឱ្យពិតប្រាកដឡើយ។ ប៉ុន្តែអ្វីដែលគេបានដឹងគឺមាន ភស្តុតាងជាបន្តបន្ទាប់បង្ហាញថាបាតុកម្មរបស់អតីតក្រុមបុគ្គលិក ណាហ្គាមិនមែនជាបាតុកម្មធម្មតាឡើយ។ សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកដោយមានការរៀបចំផែនការយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសផង នោះ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាលកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារសិទ្ធិការងារ និងការពារផលប្រយោជន៍ បុគ្គលិកកម្មករ តែទង្វើជាក់ស្តែង ពួកគេមិនស្តាប់ការសម្របសម្រួលរបស់ស្ថាប័នមានសមត្ថកិច្ច ដោះស្រាយជម្លោះឡើយ។ ពួកគេបន្តបំពានច្បាប់ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានណែនាំជាច្រើនដងក៏ដោយ ហើយរបៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗដែលពួកគេប្រើប្រាស់ក្នុងការធ្វើបាតុកម្មសុទ្ធសឹងតែមានការទាក់ទងនឹងបណ្តាញនៅបរទេសទាំងអស់។ ធ្វើសកម្មភាពក្រោមលេសសិទ្ធិការងារ សិទ្ធិកម្មករ គេឃើញមានសមាគមនិងអង្គការជាច្រើនដែលជាដៃគូសហការនិងទទួលថវិកាពីប្រភពបរទេសផ្សេងៗរួមកម្លាំងគ្នាហើយអង្គការដែលសកម្មជាងគេនិងដែលបង្ហាញវត្តមាននៅជាប់ជាមួយក្រុមបាតុករ និងផ្តល់យោបល់ជានិច្ចនោះគឺអង្គការសង់ត្រាល់ដែលដឹកនាំដោយឈ្មោះ មឿន តុលា និងឈ្មោះ ឃុន ថារ៉ូ។ មឿន តុលា ប្រធានអង្គការសង់ត្រាល់ដែលត្រូវបានសហជីព និងសហព័ន្ធសហជីពកម្ពុជាបានចោទប្រកាន់ថា មឿន តុលា និងអង្គការ ACILS របស់អាម៉េរិក បាននិងកំពុងញុះញង់សហជីពផ្សេងៗដើម្បីឱ្យចេញមកបង្កើតសហជីពថ្មីនិងចូលរួមជាមួយខ្លួន និងព្រមទាំងគំរាមផ្តាច់ទំនាក់ទំនងការងារថែមទៀត។ យោងតាមសហជីពទាំង នោះគឺ មឿន តុលា មានទិសដៅបង្កើតកម្លាំងនយោបាយដូចអ្វីដែលគេបានឃើញពីរបៀបបង្កើតកម្លាំងនយោបាយសម្រាប់ កឹម សុខា ដោយប្រើប្រាស់មជ្ឈមណ្ឌលសិទ្ធិមនុស្សដើម្បីប្រមូលកម្លាំងគាំទ្រនិងក្រោយមកបង្កើតជាគណបក្សសិទ្ធិមនុស្ស។
ការជ្រៀតជ្រែកនិងលូកដៃពីបាតដៃទី៣ ដែលជ្រកក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះគឺបានធ្វើឱ្យបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលមិនអាចបញ្ចប់បានឆាប់ រហ័សឡើយ គឺដូចនឹងករណីផ្សេងៗទៀតដែរ កាលណាសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលតាំងខ្លួនជាអ្នកការពារសិទ្ធិ សិទ្ធិកម្មករ សិទ្ធិដីធ្លីចូលលូកដៃ បញ្ហានឹងកាន់តែស្មុគស្មាញ និងអូសបន្លាយពេលវេលា។ នេះមិននិយាយពីអង្គការបរទេសមួយចំនួនដែលបន្តការគាំទ្រឧបត្ថម្ភថវិកាជាប្រចាំដល់ចលនាបាតុកម្មនេះ ដើម្បីឱ្យបាតុករបន្តតវ៉ា។ គេអាចចោទសួរថាបើបាតុករតវ៉ាមួយឆ្នាំហើយមិនចប់ មិនធ្វើការងារ តើពួកគេបានប្រាក់ចំណូលមកពីណាដើម្បីគាំទ្រចលនាបាតុកម្មនេះ? តើវាជាឆន្ទៈ? ទំនងមិនទាំងស្រុងឡើយ។ បាតុកម្មនេះត្រូវបានគេដឹងថា ប្រសិនបើតាមឆន្ទៈរបស់អតីតបុគ្គលិកណាហ្គា នឹងអាចដោះស្រាយបញ្ចប់បញ្ហាបានឆាប់រហ័សដោយឈរលើមូលដ្ឋានច្បាប់ ប៉ុន្តែដោយសារតែមានសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួននៅពីក្រោយខ្នងនៃបាតុកម្មនេះ ដែលជាអ្នកផ្តល់យោបល់និងគាំទ្រហិរញ្ញវត្ថុ និងបញ្ឆេះកំហឹង ទើបអតីតបុគ្គលិកមួយក្តាប់តូចនេះបន្តធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមអ្នកកេងចំណេញនយោបាយ។ និយាយឱ្យចំពួកគេនឹងបន្តការចិញ្ចឹមទុកទំនាស់នេះតាមរយៈការញុះញង់ឱ្យអតីតបុគ្គលិកណាហ្គាវើលទាមទារលក្ខខណ្ឌមិនចេះចប់មិនចេះហើយ និងមិនព្រមទទួលយកដំណោះស្រាយស្របតាមច្បាប់ ហើយនេះគឺជាចេតនានយោបាយមួយដ៏ទុច្ចរិតរបស់ក្រុមសង្គមស៊ីវិលក្នុងការបំផ្លាញជំនឿទុកចិត្តរបស់កម្មករកម្មការិនី និងប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងដើម្បីបំផ្លាញមុខមាត់ប្រទេសកម្ពុជាក្រោម លេសការពារសិទ្ធិកម្មករ សេរីភាពនៃការបញ្ចេញមតិនិងសេរីភាពនៃការធ្វើបាតុកម្ម។
នេះកាន់តែបង្ហាញច្បាស់ថា ពួកគេមិនមែនជាជើងឯកការពារសិទ្ធិកម្មករផេះកណ្តាលចង្ក្រាននោះឡើយ តែជាការកេងចំណេញនយោបាយ និងចិញ្ចឹមទំនាស់ដើម្បីពួកគេនិងចៅហ្វាយនាយបរ ទេសរបស់ពួកគេមានឱកាសបញ្ចេញឫកខែងរ៉ែងថ្កោលទោសកម្ពុជា ដាក់ សម្ពាធនិងទាមទារឱ្យរដ្ឋាភិបាលធ្វើនេះធ្វើនោះ ហើយពួកគេមានឱកាសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ឬធ្វើសកម្មភាពណាមួយដើម្បីបំផ្លាញមុខមាត់កម្ពុជា ពេលមានព្រឹត្តិ ការណ៍ធំៗដែលជាកិត្តិយសជាតិ។ ហេតុដូច្នេះហើយបានជាពួកគេប្រើប្រាស់គ្រប់វិធីសាស្ត្រចិញ្ចឹមទំនាស់។ ការណ៍នេះប្រៀបដូចនឹងការអូសបន្លាយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលមិនដឹងថាពេលណាទើបអាចបញ្ចប់បានឡើយ នៅពេលដែល ភាគីរុស្ស៊ីបន្តវាយប្រហារតបតនឹងការព្រួតរបស់បស្ចឹមប្រទេសដាក់ទណ្ឌកម្មលើខ្លួន ហើយក្រុមបស្ចឹមប្រទេសលូកដៃនិងធ្វើអន្តរាគមន៍ផ្តល់ជំនួយយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែនដើម្បីមានលទ្ធភាពបន្តប្រយុទ្ធ និងបង្កើនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឥតឈប់ឈរ និងមិនព្រមជំរុញឱ្យភាគីមានជម្លោះចូលតុចរចា ដើម្បីបិទបញ្ចប់សង្គ្រាមឈ្លានពាននេះឱ្យបានឆាប់រហ័សឡើយ។ តែពួកគេបានបន្តចាក់សាំងលើភ្លើងសង្គ្រាមនេះ។
ដូច្នេះ ដោយសារតែមានការលូកដៃរបស់ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្រោមខ្សែញាក់របស់បរទេស ទើបបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលមិនអាចបញ្ចប់បានឆាប់។ ព័ត៌មានដែលធ្លាយចេញពីក្រុមបាតុករ គឺមានការគំរាមកំហែង មិនឱ្យទទួលយកដំណោះស្រាយ និងមានការរើសអើងចំពោះអ្នកដែលទទួលយកដំណោះស្រាយ។ តើពួកគេចង់បានអ្វីឱ្យពិតប្រាកដ? តាមពិតវិវាទការងារមិនមែនមានតែប្រទេសកម្ពុជាឡើយ មាននៅគ្រប់កន្លែងលើពិភពលោក រាប់ទាំងប្រទេសរបស់អង្គការបរទេសដែលគាំទ្របាតុកម្មនេះ និងបណ្តាប្រទេសដែលទាមទារឱ្យដោះលែងមេបាតុកម្ម ឈឹម ស៊ីថរ ផងដែរ ដែលមានរហូតដល់រាប់ម៉ឺនសែននាក់ ហេតុអ្វីបានជាពួកគេចាប់អារម្មណ៍ខ្លាំងលើបុគ្គលិកមិនដល់ ១០០នាក់ផង នោះ? ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់ឈ្មោះ ឈឹម ស៊ីថរ ក៏មកពីមានការអាងពីការការពារពីក្រៅផងដែរ ដែលជាការជំរុញឱ្យ ឈឹម ស៊ីថរ ប្រមាថលើច្បាប់ជាតិដែលខ្លួនមានកាតព្វកិច្ចគោរព។ ពួកគេគួរតែបញ្ឈប់ការញុះញង់ និងគាំទ្រទង្វើខុសច្បាប់ ហើយគួរទុកអនាគតឱ្យកូនខ្មែរបានល្អ កុំមកបញ្ឆេះបាតុកម្ម បង្កើតភាពចលនាចល ព្រោះការពារសិទ្ធិកម្មករ មិនមែនបំបែកឆ្នាំងបាយកម្មករឡើយ។ ត្រូវយកច្បាប់មកអនុវត្តមកការពារកម្មករ ទើបត្រឹមត្រូវ តែមិនត្រូវបញ្ឆេះកំហឹងកម្មករទេ៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២